ល្បែងស៊ីសង​ក្នុង​ក្រុង​ស្ទឹងត្រែង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​

ពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ក្រុង អាជ្ញាធរខេត្ត ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ ដោយសារតែ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ទើប​ល្បែងស៊ីសង​ដូចជា បញ្ជល់មាន់ បៀ​អាប៉ោង និង​កន្ទុយលេខ រាលដាល​កាន់តែខ្លាំង​ឡើងៗ​ពេញ​ក្រុង​ស្ទឹងត្រែង​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដូចជា ភ្នាល់​បាល់ទាត់ បៀ​អាប៉ោង បញ្ជល់មាន់ និង​កន្ទុយលេខ ត្រូវគេ​បើក​លេង​យ៉ាង​អនាធិបតេយ្យ ហើយ​អំពើចោរកម្ម​លួច​ប្លន់​ក៏​កើត​ឡើងជា​បន្តបន្ទាប់​ដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ល្បែង​កន្ទុយលេខ​យួន​រាលដាល​គ្រប់​ច្រកល្ហក​ក្នុង​សង្កាត់​ស្ទឹងត្រែង ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​វក់​នឹង​ល្បែង​នេះ​ចាញ់​អស់ទ្រព្យ​សម្បត្តិ​លុយកាក់​ដីធ្លី​ផ្ទះសម្បែង កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ​និង​បែកបាក់​ក្រុមគ្រួសារ​ទៀតផង​។ បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ជា​អ្នក​ឃុបឃិត​បើកដៃ​ទើប​មេ​ល្បែងស៊ីសង​មួយចំនួន​អាច​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤​មាន​ទីតាំង​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​បើក​លេង​យ៉ាង​រលូន ហើយ​មាន​មន្ត្រីរាជការ​និង​មន្ត្រី​ប្រដាប់អាវុធ​ចូលរួម​លេងល្បែង​បញ្ជល់មាន់​យ៉ាង​គគ្រឹកគគ្រេង​ផងដែរ​។ បើ​និយាយ​ពី​ល្បែង​កន្ទុយ​លេខវិញ​គឺ​រាលដាល​គ្រប់​ច្រក់ល្ហក​ក្នុង​ក្រុង​ស្ទឹងត្រែង ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ដោយសារតែ​អស់ជំនឿ​លើ​អាជ្ញាធរ​ក្រុង អាជ្ញាធរខេត្ត ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជួយ​លុបបំបាត់​ល្បែងស៊ីសង​ក្នុង​ក្រុង​ស្ទឹងត្រែង​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​រាលដាល​កាន់តែខ្លាំង​ឡើងៗ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែខ្លាំង​ដល់​សន្តិសុខ​សង្គម ក៏ដូចជា​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ ព្រោះ​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ពេលដែល​ល្បែងស៊ីសង​រាលដាល​គ្រប់​ច្រកល្ហក​ក្នុង​ក្រុង​ស្ទឹងត្រែង និង​បណ្ដា​ស្រុក​ដទៃទៀត​៕

neth-savoeun

លោក នេត សាវឿន អគ្កស្នងការនគរបាលជាតិ

fn-2016-07-12-14-17-49-3

លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង