គ្រឿងញៀន​បន្ត​ហូរ​ចូល​ស្រុក​ខ្មែរ​តាម​ខេត្តស្ទឹងត្រែង សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​រឹបអូស​គ្រឿងញៀន​១​កញ្ចប់​ធំ​មាន​ទម្ងន់​ជិត​១​គីឡូក្រាម វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រលប់ ក្នុងភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​នោះ មានឈ្មោះ ឡេង តាក់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជនជាតិខ្មែរ រស់នៅ​ភូមិ​ញ៉ា​ង​ស៊ុំ​ធំ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ជាមួយ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក់​ទម្ងន់​៨៦៤,៣​ក្រាម​គឺ​ជិត​១​គីឡូក្រាម​។ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ហាញមុខ​ជនសង្ស័យ​ឈ្មោះ ឡេង តាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ជិត​១​គីឡូក្រាម​មុនពេល​បញ្ជូន​ទៅកាន់​តុលាការ ហើយ​ចាត់វិធានការ​តាមច្បាប់​។ បញ្ហា​ខាងលើនេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​នៅតែ​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន ព្រោះ​ឈ្មួញ​គ្រឿងញៀន​នៅតែ​បន្ត​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹងនេះ​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ដូចជា ខេត្ត​ព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ និង​ខេត្តកំពត ក៏​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​ផងដែរ​។

​គួរ​រំលឹក​ដែរ​ថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បានជា​ច្រើន​ករណី ហើយ​រឹបអូស​ថ្នាំញៀន​ប្រភេទ​គ្រាប់​ដល់​ទៅ​រាប់សែន​គ្រាប់ និង​គ្រឿងញៀន​ប្រភេទ​ម្សៅ​សរុប​រាប់សិប​គីឡូក្រាម​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​នោះ គឺ​សមត្ថកិច្ច​បង្ក្រាប​បានតែ​អ្នកជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​តូចតាច ចំណែក​មេខ្លោង​ធំៗ​ដែល​កំពុង​បំផ្លាញ​សង្គម​ខ្មែរ​យ៉ាង​កំរោល​មិនទាន់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ពួកគេ​យកទៅ​ផ្ដន្ទាទោស​នៅឡើយ​ទេ​។ ដោយឡែក​នៅក្នុង​រាជធានី​ភ្នំពេញ​ដូចជា នៅ​តំបន់​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​នៅ​តំបន់​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវជា​ដើម គឺ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​មិនចេះ​អស់​ឡើយ​។ លើស​នេះ​ទៅទៀត​ជនសង្ស័យ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​មួយចំនួន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មិនបាន​ប៉ុន្មាន​ខែ​ផង ក៏​ចេញមក​ធ្វើ​សកម្មភាព​ដូច​មុន​ដដែល​៕

im20161122-wa0047 img-20161122-wa0046 untitled