ករណី​មន្ត្រីនគរបាល​អន្តរាគ​មន៍​ខណ្ឌ​សែន​សុខ ៥​នាក់​ប្រព្រឹត្ត​អំពើអាក្រក់​អាចមាន​ការបើក​ដៃ​ពី​ចៅហ្វាយនាយ​ផងដែរ​

ថ្មីៗ​នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​បញ្ជា​ឲ្យ​វាយខ្នោះ​មន្ត្រីនគរបាល​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​បទល្មើស​គាប​ស៊ីលុយ​និង​ម៉ូតូ​របស់​ក្រុមក្មេងស្ទាវ​នៅពេល​យប់​។ បទបញ្ជា​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ តាមដាន​យ៉ាង​យកចិត្តទុកដាក់​ព្រោះ​ចង់ដឹងថា មន្ត្រីនគរបាល​អន្តរា​គម​ន៍​ខណ្ឌ​សែន​សុខ​ទាំង​៥​នាក់​នោះ ត្រូវ​ទទួលទោស​បែបណា​ចំពោះមុខ​ច្បាប់​។ ដោយហេតុថា សកម្មភាព​របស់​ពួកគេ​មិន​ខុសពី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ឡើយ ហើយ​ពួកគេ​មាន​ឯកសណ្ឋាន និង​មាន​កាំភ្លើង​ដែល​អាច​និយាយថា​ជា​ក្រុមចោរប្លន់​ស្របច្បាប់​។

តាម​ប្រភពពី​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ មួយចំនួន​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​៥​នាក់ បាន​ជិះ​ម៉ូតូ​៣​គ្រឿង​ទៅ​ស្ទាក់ផ្លូវ​ក្មេងស្ទាវ​ពីរ​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ រួច​ជំរិត​ទារលុយ​ពី​ក្មេងស្ទាវ​និង​យក​ម៉ូតូ​ក្មេងស្ទាវ​ទៅ​បញ្ចាំ​ដើម្បី​បាន​លុយ​។ ប៉ុន្តែ​ករណី​គាបស៊ី​ខាងលើនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​សែន​សុខ និង​បានឮ​ដល់​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទើប​លោកស្នងការ​ចេញ​បទបញ្ជា​ឲ្យ​វាយខ្នោះ​មន្ត្រីនគរបាល​អន្តរាគ​មន៍​ខណ្ឌ​សែន​សុខ​ទាំង​៥​នាក់​នោះ យកទៅ​ពិន័យ​តាមច្បាប់​នគរបាល​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​មាន​បទបញ្ជា​ពី​លោក ជួន សុវណ្ណ គឺ​មន្ត្រីនគរបាល​អន្តរាគ​មន៍​ទាំង​៥​នាក់​នោះ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​សែន​សុខ បាន​លើកឡើងថា ការដែល​មន្ត្រីនគរបាល​អន្តរាគមន៍​ទាំង​៥​នាក់​នោះ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ក៏មាន​ចំណែក​ទទួលខុសត្រូវ​ពី​សំណាក់​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​ផងដែរ​។ ដោយហេតុថា ប្រសិនបើ​លោក ម៉ក់ ហុង គ្រប់គ្រង​កូនចៅ​ក្រោម​ឱវាទ​បាន​ដិតដល់​នោះ គឺ​មន្ត្រីនគរបាល​អន្តរាគ​មន៍​ទាំង​៥​នាក់ មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដូច​ក្រុមចោរប្លន់​ឡើយ​។ មានការ​សង្ស័យថា ទង្វើ​របស់​នគរបាល​អន្តរាគមន៍​ទាំង​៥​នាក់​នោះ អាចមាន​ការបើក​ដៃ​ពី​ចៅហ្វាយនាយ​របស់​ពួកគេ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ទើប​តែបើ​ករឿង​កាលពី​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ហេតុនេះ​លោក ជួន សុវណ្ណ គួរ​ចាត់វិធានការ​លើ​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​ផងដែរ ព្រោះ​បច្ចុប្បន្ន​ក្នុង​ខណ្ឌ​នេះ មាន​ល្បែងស៊ីសង អំពើចោរកម្ម លួច​ប្លន់ ក៏ដូចជា​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​៕

fn-2016-09-23-10-02-08-2

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ 

mrok-houg

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ