អំពើ​ប្លន់​ប្រដាប់អាវុធ​និង​បទល្មើស​ផ្សេងៗ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​សង្គម​ក្នុង​ខេត្តបាត់ដំបង​

កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ក្រុមចោរ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា​២​ដើម​គំរាម​ប្រជាពលរដ្ឋ​ជា​អ្នកទិញ​និង​លក់​ស្រូវ​យក​កាបូប​លុយ ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​ពុំមាន​សមត្ថកិច្ច​ណា​អាចជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​ទេ​។ ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នេះ​បាន​កើតឡើង​នៅមុខ​វត្ត​ទួល​ព្រះ​ខែ ភូមិ​ក្រួស ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ប្លន់​ប្រដាប់អាវុធ គ្រឿងញៀន និង​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​។

ជនរងគ្រោះ​ដោយសារ​ក្រុមចោរ​ប្រើ​កាំភ្លើង​អាកា​ភ្ជង់​គំរាម​យក​កាបូប​លុយ​កាលពី​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ មានឈ្មោះ អ៊ុក អឿ ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​កាបូប​ដែល​ចោរ​ភ្ជង់​គំរាម​ប្លន់​យកទៅ​នោះ​មាន​លុយ​ចំនួន​៥​ម៉ឺន​បាត និង​លុយ​ខ្មែរ​១០​លាន​រៀល ចំណែក​អ្នកលក់​ស្រូវ​មានឈ្មោះ មួង ស៊ី​ណាត អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ត្រូវ​ចោរ​យក​កាបូប​លុយ​ដែលមាន​លុយ​នៅក្នុង​នោះ​៧៥០០០​បាត លុយ​ខ្មែរ​៥០​ម៉ឺន​រៀល និង​ទូរស័ព្ទ​១​គ្រឿង​។ អំពើ​ប្លន់​នោះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ថ្មគោល អស់ជំនឿ​ទៅលើ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ផងដែរ ព្រោះ​មិនអាច​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​ក្នុង​ឃុំ​ជ្រៃ ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ជនរងគ្រោះ​ដែលជា​អ្នកទិញ​ស្រូវ​និង​អ្នកលក់​ស្រូវ​បាន​ណាត់គ្នា​មក​ថ្លឹង​ស្រូវ​នៅមុខ​វត្ត​ទួល​ព្រះ​ខែ ហើយ​ក្នុងខណៈ​កម្មករ​ជញ្ជូន​ស្រូវ​ដាក់​រថយន្ត ហើយ​ទូទាត់​លុយ​ក៏​លេចមុខ​ក្រុមចោរ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា​២​ដើម​មក​ប្លន់​តែម្តង​។ សាក្សី​ជា​កម្មករ​លើក​បាវស្រូវ​ដាក់​រថយន្ត​បាន​ឲ្យ​ដឹងថា ក្រុមចោរ​បាន​បាញ់​ភ្ជុ​ច​ដី​ចំនួន​៣​គ្រាប់​ហើយ​ឆក់យក​កាបូប​លុយ​ពី​ជនរងគ្រោះ​ទាំងពីរ​នាក់ និង​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋនៅក្នុង​ខេត្តបាត់ដំបង អំពាវនាវ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ​ជាបន្ទាន់ ព្រោះ​នៅក្នុង​ស្រុក​ថ្មគោល ក៏ដូចជា​នៅ​ក្រុង​បាត់ដំបង និង​បណ្ដា​ស្រុក​នានា អំពើចោរកម្ម ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​បទល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​៕

14445384_1598321800463396_1995417578_n

លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង

980c77ec-0b69-4cfe-a332-503547469f69-500x297 4e8f30bf-03a3-4969-8a47-7f1f91342d44-500x307