លោក សម រង្ស៊ី បញ្ជាក់ថាពាក្យស្លោកនយោបាយ៣កំពុងធ្វើឲ្យគណបក្សសង្រ្គោះជាតិមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅដើមសប្តាហ៍នេះបានបញ្ជាក់ថាពាក្យស្លោកនយោបាយ៣កំពុងធ្វើឲ្យគណបក្សសង្រ្គោះជាតិមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។ លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរភាគច្រើននោះ ក៏ដោយសារតែប្រជាពលរដ្ឋខ្មែរបានយល់ច្បាស់ពីឧត្តមគតិរបស់លោកចំពោះជាតិមាតុភូមិ និងគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិមានភាពល្អប្រសើរបំផុត។

លោក សម រង្ស៊ី បានពន្យល់ថា កាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់ពាក្យសំដីរបស់លោកថា ដោយសារតែលោកនៅតែស្រឡាញ់ឧត្តមគតិសង្គ្រោះជាតិ ក្នុងបេះដូងរបស់លោក លោកចង់ជួយគណបក្សសង្គ្រោះជាតិឲ្យឆ្លងផុតគ្រាប់ឧបសគ្គ ហើយទទួលបានជោគជ័យទើបលោកបានស្នើពាក្យស្លោកថ្មី៣។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបន្តទៀតថា បើត្រូវការជំនួសពាក្យស្លោក ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ ដែលរដ្ឋអំណាចសព្វថ្ងៃមិនពេញចិត្ត គឺគណបក្សសង្រ្គោះជាតិត្រូវបានប្រើពាក្យស្លោកនយោបាយរួមមាន៖ ទី១- ដូរភាពខ្មៅងងឹតឧបទ្រព ដាក់ពន្លឺព្រះអាទិត្យ។ ទី២- ដូរគ្រួសារនិយម បក្ខពួកនិយម និងពុករលួយនិយម ដាក់សមត្ថភាពនិយម។ ទី៣- ដូរចោរាធិបតេយ្យ ដាក់ប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិតែងតែរិះគន់លើគណបក្សកាន់អំណាចពីរឿងមិនប្រឹងប្រែងទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការដឹកនាំប្រទេសឲ្យបានល្អលើគ្រប់វិស័យ និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនោះទេ គឺបែរជាប្រឹងប្រែងប្រើវិធីគាបសង្កត់លើអ្នករិះគន់ទៅវិញដែលក្នុងនោះរួមមានទាំងគណបក្សជំទាស់និងអង្គការក្រៅរដ្ឋាភិបាលជាដើម។

ទន្ទឹមនឹងនេះថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ក៏បានបញ្ជាក់ដែរថាគណបក្សសង្រ្គោះជាតិប្រកួតប្រជែងតែផ្នែកនយោបាយ និងការដឹកនាំប្រទេសតែប៉ុណ្ណោះ ដោយមិនយករឿងបុគ្គលឬរឿងអត់ប្រយោជន៍ផ្សេងទៀតមកពាក់ព័ន្ធក្នុងការប្រកួតប្រជែងលើឆាកនយោបាយនោះទេ។ ក្នុងនោះរឿងដែលគណបក្សសង្រ្គោះជាតិបារម្ភបំផុតនោះគឺរឿងជាតិ និងរឿងប្រជាពលរដ្ឋដែលត្រូវដោះស្រាយ៕

IMG_0186