លោក កឹម សុខា បញ្ជាក់ថា ការប្រកួតប្រជែងគោលនយោបាយល្អៗសម្រាប់កសាងអនាគតកាលជាវិជ្ជមាន ប្រសើរជាងការគាស់កកាយឈ្លោះគ្នារឿងអតីតកាល

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃនេះបានបញ្ជាក់ថា សង្គមកម្ពុជានិងប្រជាពលរដ្ឋខ្មែរមានបញ្ហាច្រើន និងស្មុគស្មាញដែលទាមទារឲ្យអ្នកដឹកនាំប្រទេសនិងអ្នកនយោបាយត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ដូច្នេះអ្នកដឹកនាំនិងអ្នកនយោបាយ គប្បីធ្វើការប្រកួតប្រជែងគោលនយោបាយល្អៗសម្រាប់កសាងអនាគតកាលជាវិជ្ជមាន ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ ប្រសើរជាងការគាស់កកាយឈ្លោះគ្នារឿងអតីតកាលដែលជារឿងមិនមានចាំបាច់ខ្លាំង។

លោក កឹម សុខា ក៏បានបញ្ជាក់ដែរថាគណបក្សសង្គ្រោះជាតិគ្មានពេលនិយាយរឿងអត់ប្រយោជន៍ រឿងបុគ្គល ពិសេសនោះរឿងជាមួយគណបក្សនយោបាយតួចៗដែលចង់ឲ្យលោកឆ្លើយតប និងនិយាយជាមួយ។ លោក កឹម សុខា បានសង្កត់ធ្ងន់ថា ដៃគូគណបក្សសង្គ្រោះជាតិសម្រាប់ប្រកួតប្រជែងក្នុងឆាកនយោបាយនិងការបោះឆ្នោតនោះ មានតែគណបក្សកាន់អំណាចបច្ចុប្បន្នតែប៉ុណ្ណោះ។

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ស្នើដល់សកម្មជនគណបក្សសង្រ្គោះជាតិឲ្យឈប់និយាយពីអតីតកាលដែលនាំអោយខាតពេលវេលា និងនាំឲ្យមានជម្លោះនយោបាយដែលឈានទៅរាំងស្ទះដល់ដំណើរការបោះឆ្នោត។ លោក កឹម សុខា បានបន្ថែមថា គណបក្សសង្រ្គោះជាតិ ត្រូវតែសម្រេចគោលដៅជាយុទ្ធសាស្រ្តរបស់ខ្លួនឲ្យបាន នោះគឺដំណើរឆ្ពោះទៅរកការបោះឆ្នោតដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅប្រទេសកម្ពុជា ដូចនេះគណបក្សសង្រ្គោះជាតិមិនត្រូវចំណាយពេលធ្វើការលើរឿងអត់ប្រយោជន៍នោះទេ។

ជុំវិញបញ្ហាខាងលើនេះ លោក កឹម សុខា បានបន្ថែមថា ការបង្ហាញពីគោលនយោបាយរបស់គណបក្សនីមួយៗមិនមែនជាការសន្យាខ្យល់នោះទេ ក៏ប៉ុន្ដែគឺជាជម្រើសដែលអាចជំរុញឲ្យកាន់តែប្រសើរឡើងក្នុងការផ្ដល់ផលប្រយោជន៍ជូនជាតិនិងប្រជាពលរដ្ឋដែលកិច្ចការទាំងនោះគណបក្សសង្រ្គោះជាតិកំពុងអនុវត្ត៍លេចចេញជាលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ លោក កឹម សុខា បានសង្កត់ធ្ងន់ថា ទោះបីជាគណបក្សនយោបាយខ្លះមិនទាន់ឈ្នះការបោះឆ្នោតក៏ដោយក៏អាចនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានដែរ៕

IMG_0187