លោក សម រង្ស៊ី ពន្យល់ពីបញ្ហាទាសភាពហិរញ្ញវត្ថុនៅប្រទេសកម្ពុជា

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ បានបញ្ជាក់ពីបញ្ហាទាសភាពហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ លោក សម រង្ស៊ី បានរំលឹកថា កាលពីថ្ងៃ ១៥ កុម្ភៈ ២០១៥ គឺជាង២ឆ្នាំមកហើយ លោកបានសរសេរទៅសម្តេច ហ៊ុន សែន ក្នុងស្មារតីវិជ្ជមាន និងស្ថាបនា ស្នើឲ្យរដ្ឋាភិបាលបញ្ចុះអត្រាការប្រាក់អតិបរមា ដើម្បីកាត់បន្ថយទាសភាពហិរញ្ញវត្ថុ។ ទាសភាពហិរញ្ញវត្ថុ គឺជាស្ថានភាពយ៉ាងដុនដាបបំផុតរបស់ប្រជាពលរដ្ឋក្រីក្រមួយចំនួនធំ ដែលជំពាក់លុយគេវ័ណ្ឌក ហើយរងគ្រោះពីការកេងប្រវ័ញ្ច ពីសំណាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជាអេស៊ីលីដា ប្រាសាក់ ស្ថាបនា ។ល។

លោក សម រង្ស៊ី បានបន្តថា ការកេងប្រវ័ញ្ចនេះ មានច្រើនរូបភាពដូចជា ការជំរិតទាមទារការប្រាក់ខ្ពស់ពេក ហើយបើកូនបំណុលគ្មានលុយគ្រប់គ្រាន់សងគេទាន់ពេលវេលាកំណត់ នោះម្ចាស់បំណុលនឹងរឹបអូសទ្រព្យសម្បត្តិ មានដីធ្លី ស្រែចម្ការជាដើម ដែលកូនបំណុលបានដាក់បញ្ចាំ។ ទាសភាពហិរញ្ញវត្ថុនេះ បានជំរុញឲ្យកសិករខ្មែររាប់សែននាក់ ចំណាកស្រុកទៅស៊ីឈ្នួលគេនៅប្រទេសជិតខាង ដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។

អតីប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបន្ថែមថា ទើបតែថ្ងៃនេះទេបានសម្តេច ហ៊ុន សែន យល់ព្រមឲ្យបញ្ចុះអត្រាការប្រាក់អតិបរមា តាមសំណើរបស់លោក កាលពី២ឆ្នាំមុន។ តែគួរឲ្យសោកស្តាយក្នុងចន្លោះពេល២ឆ្នាំកន្លងមកនេះ មានពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗ ដែលធ្លាក់ខ្លួនកាន់តែក្រ ហើយត្រូវបង្ខំចិត្តចំណាកស្រុកកាន់តែច្រើន។

ជុំវិញបញ្ហាខាងលើនេះ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា ខ្មែរយើងត្រូវរៀបចំប្រទេសឡើងវិញ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ ជាពិសេសកសិករ ឲ្យមានទីផ្សារលក់ផលដំណាំក្នុងតម្លៃខ្ពស់សមរម្យ ចៀសវាងការធ្វើស្រែធ្វើចម្ការខាតរាល់ឆ្នាំ ជំពាក់លុយគេវ័ណ្ឌក អស់សង្ឃឹម ហើយបង្ខំចិត្តចំណាកស្រុកទៅស៊ីឈ្នួលគេនៅប្រទេសជិតខាងកាន់តែច្រើនឡើងៗ៕

17327943_1110972709049022_155374144_n