លោក កឹម សុខា បញ្ជាក់ថា អ្វីៗតែងតែមានការផ្លាស់ប្ដូរ នេះជាច្បាប់ធម្មជាតិ

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ថ្មីៗនេះបានបញ្ជាក់ថា យើងទាំងអស់គ្នាដឹងហើយថា អ្វីៗតែងតែមានការផ្លាស់ប្ដូរ នេះជាច្បាប់ធម្មជាតិ។ ក៏ប៉ុន្ដែគណបក្សសង្គ្រោះជាតិយើង ចង់ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ដែលជាការផ្លាស់ប្ដូរមួយឲ្យប្រសើរជាងមុន ដើម្បីផ្ដល់នូវសុខដុមរមនាជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា ទោះបីគណបក្សនយោបាយណាឈ្នះចាញ់ក៏ដោយឲ្យតែមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌។

លោក កឹម សុខា បានពន្យល់នៅចំពោះមុខបេក្ខជនឈរឈ្មោះបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃគណបក្សសង្រ្គោះជាតិថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ហើយបន្តដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរដោយសន្តិភាព។

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បាននសង្កត់ធ្ងន់ថា យើងជឿជាក់លើខ្លួនយើង។ យើងជឿជាក់លើគណបក្សយើង។ យើងជឿជាក់លើគោលនយោបាយយើង។ យើងជឿជាក់លើគោលជំហរថ្នាក់ដឹកនាំយើង។ ទោះបីជាគេឆ្កឹះឆ្កៀល បំបែកបំបាក់យ៉ាងណា ក៏យើងនៅតែរឹងមាំជានិច្ច។ នេះហើយជាភាពអស្ចារ្យរបស់គណបក្សសង្គ្រោះជាតិដែលកំពុងទទួលការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ។

ជុំវិញបញ្ហាខាងលើនេះ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិជាច្រើនរូបកន្លងមកបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មានគោលដៅច្បាស់លាស់ ដើម្បីធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត នាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។ ប្រភពដដែលបានបន្ថែមថា គណបក្សសង្រ្គោះជាតិបានផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួន ដូចជាការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ការធ្វើបញ្ជីបេក្ខជនក្រុមប្រឹកក្សាឃុំ- សង្កាត់ ដើម្បីចូលរួមការបោះឆ្នោតថ្នាក់ដឹកនាំមូលដ្ឋាន រៀបចំផែនការអនុវត្តន៍ទិសដៅទៅមុខ រៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តនយោបាយជាដើម៕

17274677_1110973635715596_1705261243_n