ប្រជាពលរដ្ឋរិះគន់ស្នាក់ការសាខាគយខេត្តតាកែវ ថាដេកចាំតែរាប់ក្បាលឡានយកលុយ

មន្ត្រីគយសាខាខេត្តតាកែវត្រូវប្រជាពលរដ្ឋរិះគន់ថា ដេកចាំតែរាប់ក្បាលឡានយកលុយ មិនដែលឃើញមកពិនិត្យទំនិញម្តងណាឡើយ ហើយបញ្ហានេះកំពុងតែធ្វើឲ្យឈ្មួញខិលខូចពង្រីកអាជីវកម្មរបស់ពួកគេកាន់តែមានទ្រង់ទ្រាយធំៗឡើង។ ប្រភពដដែលបានបញ្ជាក់ថា ច្រើនឆ្នាំមកហើយដែលមន្រ្តីគយខេត្តតាកែវប្រមូលប្រាក់ពីឈ្មួញដោយមិនខ្វល់ខ្វាយពីគោលការណ៍ច្បាប់ឬផលប្រយោជន៍ជាតិឡើយ។

ដោយសារមានការឃុបឃិតគ្នាពីមន្ត្រីគយខេត្តតាកែវ និងមន្រ្តីគយខេត្តកណ្តាលផងដែរ ទើបពួកឈ្មួញដឹកទំនិញគេចពន្ធផ្សេងៗចូលមកដល់ខេត្តកណ្តាល ហើយឈ្មួញទាំងនោះត្រូវបង់លុយឲ្យមន្រ្តីជំនាញផ្សេងៗទៀផងដែរ។ តែមន្រ្តីគយខេត្តតាកែវត្រូវគេដឹងថាទទួលបានផលប្រយោជន៍ច្រើនជាងគេ ហើយបញ្ហាដែលគួរឲ្យព្រួយបារម្ភនោះគឺមិនត្រឹមតែមានទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់នោះទេតែក៏មានទំនិញខូចគុណភាពផងដែរ។

លោក កែវ វណ្ណី ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ ត្រូវប្រជាពលរដ្ឋរិះគន់ថា ជិះរថយន្តទំនើប តែការងារគ្មានប្រសិទ្ធភាពនោះទេដែលគេសង្ស័យថា មន្រ្តីគយខាងលើគឺគិតតែធ្វើយ៉ាងម៉េចប្រមូលលុយឲ្យបានច្រើនប៉ុណ្ណោះ។ ប្រភពដដែលបានបញ្ជាក់ថា មន្រ្តីគយក្រោមឱវាទរបស់ លោក កែ វណ្ណី គ្មានការយោគយល់ដល់ឈ្មួញឡើយគឺតែងតែជំរិតទារលុយពីឈ្មួញមានចំនួនកាន់តែច្រើនឡើងៗ។

ក្រុមឈ្មួញដឹកទំនិញពីប្រទេសយួនចូលប្រទេសខ្មែរតាមខេត្តតាកែវបានបង្ហើបថា សព្វថ្ងៃនេះរថយន្តដឹកទំនិញទាំងអស់ដែលបើកមកកាត់មុខស្នាក់ការគយខេត្តតាកែវគឺត្រូវតែឈប់បង់លុយក្នុងចន្លោះចាប់ពី២ម៉ឺនរៀលទៅ៥ម៉ឺនរៀល ទៅតាមប្រភេទរថយន្តនិងទំនិញ តិចឬច្រើន ដោយមន្រ្តីគយមិនខ្វល់ថាទំនិញទាំងអស់នោះជាទំនិញស្របច្បាប់ឬក៏ខុសច្បាប់នោះទេ សំខាន់ឲ្យតែមកដល់កន្លែងត្រូវតែឈប់បង់លុយតាមការកំណត់៕

17274219_1110976309048662_807968395_n