លោក សម រង្ស៊ី បន្តពន្យល់ពីបញ្ហាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ

នៅដើមសប្តាហ៍នេះ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ថា លោកសូមអរព្រះគុណ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គមិនយល់ព្រមចុះហត្ថលេខាលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ តាមតែអំពើចិត្ត។

លោក សម រង្ស៊ី បានពន្យល់ថា វិសោធនកម្មនេះ រំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ជាពិសេស ត្រង់ចំណុចដែលតម្រូវឲ្យព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សព្វថ្ងៃនេះ មានគណបក្សតែ២នៅរដ្ឋសភា ហើយបើគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ នោះគឺជាការវិលត្រឡប់ទៅរករបបបក្សតែមួយ ដូចកាលសម័យកុម្មុយនិស្ត គឺមិនអាចហៅថាពហុបក្ស (ច្រើនបក្ស) បានទេ។ ដោយសារតែព្រះអង្គមិនយល់ព្រមចុះហត្ថលេខា លើវិសោធនកម្មដ៏ព្រៃផ្សៃនេះ ទើបព្រះអង្គបានយាងទៅស្រុកចិន ដើម្បីកុំឲ្យមានព្រះនាមអាក្រក់ក្នុងប្រវត្តិសាស្ត្រ។

ជុំវិញបញ្ហាខាងលើនេះ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានរំលឹកថា ព្រះវររាជបិតា គឺសម្តេចព្រះនរោត្តម សីហនុ កាលពីឆ្នាំ ២០០៤ ក៏ព្រះអង្គមិនបានយល់ព្រមឡាយព្រះហស្តលេខា លើច្បាប់ព្រៃផ្សៃមួយទៀត គឺ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យតំណាងរាស្ត្របោះឆ្នោតជាកញ្ចប់ជ្រើសរើសនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា តាមរយៈការបោះឆ្នោតតែមួយតែម្តង ហៅថាបោះឆ្នោតជាកញ្ចប់។

លោក សម រង្ស៊ី បានបន្តថា ពេលនោះក៏ព្រះមហាក្សត្របានគេចខ្លួន ដោយយាងទៅប្រទេសចិន ទុកឲ្យប្រមុខរដ្ឋស្តីទីចុះហត្ថលេខាជំនួសព្រះអង្គ តាមបញ្ជាលោក ហ៊ុន សែន។ សូម្បីតែសម្តេច ជា ស៊ីម ក៏បានគេចខ្លួនទៅប្រទេសថៃ ដោយសារតែលោកក៏មិនយល់ព្រមចុះហត្ថលេខា លើវិសោធនកម្មនោះដែរ ហើយទុកឲ្យលោក ញឹក ប៊ុនឆៃ ចុះហត្ថលេខាជំនួស ក្នុងឋានៈជាអនុប្រធានព្រឹទ្ធសភា៕

17360619_1112652262214400_719705242_n