លោក អេង ឆៃអ៊ាង បញ្ជាក់ថា គណបក្សសង្រ្គោះជាតិប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ជានិច្ច

ថ្មីៗនេះលោក អេង ឆៃអ៊ាង តំណាងរាស្រ្តនិងជាអនុប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិមិនត្រឹមតែជាគណបក្សប្រជាធិបតេយ្យនោះទេ តែគណបក្សសង្រ្គោះជាតិក៏ប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ច្បាប់ក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួន។

លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា សមាជសាមញ្ញនិងសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិដែលបានធ្វើកន្លងមកនិងបន្តធ្វើនាពេលអនាគតនោះ គឺតែងតែគោរពនូវលក្ខន្តិកៈផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ ហើយក៏គោរពទៅតាមគោលការណ៍ច្បាប់ផងដែរ ហើយថាគណបក្សសង្រ្គោះជាតិមុននឹងធ្វើអ្វីមួយគឺមានយន្តការការងារ ប្រព័ន្ធការងារ និងការសិក្សាស្វែងយល់ល្អិតល្អន់ណាស់មុននឹងអនុវត្តន៍ការងារ។

ការបញ្ជាក់របស់ លោក អេង ឆៃអ៊ាង ដែលជាអនុប្រធានគណបក្សសង្រ្គោះជាតិនៅពេលនេះ គឺបានធ្វើឡើងក្រោយពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងថា ទំនងមានការលំបាកក្នុងការផ្ដល់សុពលភាពដល់សមាសភាពក្បាលម៉ាស៊ីនថ្មីនៃគណបក្សសង្គ្រោះជាតិ ដ្បិតគណបក្សនេះបានធ្វើខុសពីលក្ខន្តិកៈគណបក្យ។ ប្រភពដដែលនេះបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ មានភារកិច្ចផ្ដល់សុពលភាពគណបក្សនយោបាយនិងសិក្សាឲ្យបានច្បាស់លាស់ថា តើគេអាចផ្ដល់សុពលភាពដល់គណបក្សជំទាស់ឬយ៉ាងណា។

ជុំវិញបញ្ហាខាងលើនេះលោក អេង ឆៃអ៊ាង បានពន្យល់ថា គណបក្សសង្រ្គោះជាតិពិតជាបានបង្ខំចិត្តធ្វើសមាជវិសាមញ្ញ ដើម្បីវិសោធនកម្មលក្ខន្តិកៈនិងផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំមែន ប៉ុន្តែទង្វើរបស់គណបក្សសង្គ្រោះជាតិ គឺធ្វើឡើងតាមការតម្រូវរបស់មាត្រាមួយចំនួននៃច្បាប់ស្ដីពីគណបក្សនយោបាយដែលទើបធ្វើវិសោធនកម្មថ្មី ហើយថាគណបក្សសង្រ្គោះជាតិគោរពតាមច្បាប់នៅគ្រប់កាលៈទេសៈ៕

17360685_1112652578881035_2141356157_n