លោក យឹម សុវណ្ណ បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទើបជាអ្នកមានសិទ្ធិសម្រេចថាគណបក្សណាដឹកនាំប្រទេស

តំណាងរាស្រ្ត និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្មីៗនេះបានថ្លែងថា គណបក្សសង្គ្រោះជាតិ មិនចាប់អារម្មណ៍ទៅនឹងការថ្លែងបែបចំអករបស់នរណាម្នាក់ ឬគណបក្សនយោបាយណាមួយមកលើគណបក្សង្រ្គោះជាតិ ជុំវិញការចូលទៅកាន់អំណាចដឹកនាំប្រទេសកម្ពុជានោះទេ ព្រោះប្រជាពលរដ្ឋខ្មែរទើបជាអ្នកមានសិទ្ធិសម្រេចថា គណបក្សនយោបាយណាមួយអាចដឹកនាំប្រទេសកម្ពុជាបាន។

លោក យឹម សុវណ្ណ បានពន្យល់ថា ប្រសិនបើប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សណាមួយដើម្បីកាន់អំណាចគណបក្សនោះគឺជាគណបក្សដែលដឹកនាំប្រទេស។ ដូច្នេះ ហើយគណបក្សសង្រ្គោះជាតិមិនចាប់អារម្មណ៍ទៅនឹងមជ្ឈដ្ឋានណាមួយបាននិយាយនោះទេ ប៉ុន្តែយើងចង់ដឹងអំពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែលប្រជាពលរដ្ឋអាចបញ្ចេញឆន្ទៈរបស់ពួកគាត់បាននៅក្នុងគ្រប់ការបោះឆ្នោតនីមួយៗ។

កន្លងមកលោក យឹម សុវណ្ណ បានពន្យល់ថា បើទោះជាមានឧបសគ្គលំបាកយ៉ាងណាក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនៅតែខ្លាំង នៅតែរឹងមាំ និងទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋខ្មែរកាន់តែច្រើន ឡើងៗ ហើយលទ្ធផលបែបនេះក៏ដោយសារតែប្រជាពលរដ្ឋខ្មែរបានឲ្យតម្លៃខ្ពស់លើគោលជំហរនយោបាយរបស់គណបក្សសង្គ្រោះជាតិនិងគាំទ្រចំពោះសកម្មភាពរបស់គណបក្សសង្គ្រោះជាតិដែលបានព្យាយាមដោយអត់ធ្មត់ មានភាពថ្លៃថ្នូរ និងស្របតាមគោលការណ៍ច្បាប់ក្នុងការតស៊ូនយោបាយនៅប្រទេសកម្ពុជា។

លោក យឹម សុវណ្ណ បានសង្កត់ធ្ងន់ថា ការគាបសង្កត់លើគណបក្សសង្គ្រោះជាតិដោយមធ្យោបាយមិនសមរម្យ និងប្រើប្រាស់ស្ថាប័នរដ្ឋដើម្បីគាបសង្កត់ វានឹងធ្វើឲ្យគណបក្សកាន់អំណាចខាតបង់ ខណៈប្រជាពលរដ្ឋខ្មែរបានទទួលស្គាល់ថាគណបក្សសង្គ្រោះជាតិជាគណបក្សប្រជាធិបតេយ្យ និងគោរពតាមគោលការណ៍ច្បាប់ ហើយប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា៕

IMG_0216