តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញប្ញទ្ធិ ពន្យល់ពីគុណតម្លៃអ្នកអប់រំសង្គម

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញប្ញទ្ធិ ថ្មីៗនេះបានបញ្ជាក់ថា គុណតម្លៃអ្នកអប់រំសង្គម រៀបចំសង្គម សង្គមជឿនលឿនថ្លៃថ្នូរ ដែលកើតមានឡើងពីប្រជាពលរដ្ឋជឿនលឿនថ្លៃថ្នូរ ដែលជាសមាជិកនៃសង្គមនោះ។ ភាពប្រាកដនិយមមិនអាចប្រកែកបាន ចាប់តាំងពីចាប់កំណើតរហូតរៀងមក ដែលយើងទទួលបានការអប់រំពីលោកឪពុកអ្នកម្ដាយ(គ្រួសារ) លោកគ្រូអ្នកគ្រូ(សាលា) បព្វជិត(សាសនា) និងសង្គម(ប្រព័ន្ធផ្សព្វផ្សាយ)។

លោក យ៉ែម បុញ្ញប្ញទ្ធិ បានពន្យល់ថា គុណតម្លៃអ្នកអប់រំសង្គម រៀបចំសង្គម ដែលយើងគោរពចងចាំជានិច្ច ដែលយើងទទួលបានពីលោកឪពុកអ្នកម្ដាយ លោកគ្រូអ្នកគ្រូ នូវចំណេះជំនាញ ការស្រឡាញ់ ការថ្នាក់ថ្នម ការអាណិតអាសូរ ការអំណត់អត់ធ្មត់ ក៏ប៉ុន្តែក៏មានភាពម៉ឺងម៉ាត់ ស្មារតីយុត្តិធម៌ ចិត្តទូលាយសន្ដោស ប្រកបដោយស្មារតីទទួលខុសត្រូវដល់កូនៗ និងសិស្សទាំងអស់គ្រប់ៗគ្នា។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញប្ញទិ្ធ បានបញ្ជាក់ទៀតថា គុណតម្លៃអ្នកអប់រំសង្គម រៀបចំសង្គម ដែលយើងទទួលពីបព្វជិត នូវការអប់រំផ្លូវចិត្ត សីលធម៌ គុណធម៌ ដោយមិនធ្វើបាប សម្អាតចិត្តឱ្យស្អាត បំពេញកុសល។ល។ ដោយឡែកគុណតម្លៃអ្នកអប់រំសង្គម រៀបចំសង្គម ដែលយើងទទួលបានពីសង្គម(ពីប្រព័ន្ធផ្សព្វផ្សាយ) គឺមានលក្ខណៈធំធេង ទូលំទូលាយ គ្របដណ្ដប់គ្រប់មជ្ឈដ្ឋានគ្រប់ទិសទី ដូច្នេះពាក្យពេចន៍ អត្ថបទ កម្មវិធី ពិតជាមានឥទ្ធិពលដល់សង្គម។

ជុំវិញបញ្ហាខាងលើនេះ លោក យ៉ែម បុញ្ញប្ញទ្ធិ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នខ្មែរយើងត្រូវការថែរក្សាស្ថិរភាព សន្តិភាព អភិរក្សអភិវឌ្ឍន៍ វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ អត្តសញ្ញាណជាតិ អភិវឌ្ឍន៍ធនធានមនុស្ស លើកស្ទួយជួយជីវភាពប្រជាពលរដ្ឋ ជាពិសេសយើងគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យបន្តទៀតនូវការបញ្ចុះ អត្រាការប្រាក់ ការបញ្ចុះតម្លៃអគ្គិសនី និងការដំឡើងប្រាក់ខែជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ៕

IMG_0256