ពលរដ្ឋចោទឧត្តមសេនីយ៍ ប៊ុន សេង និងលោក តុល សារិន ហៅ ខ្លឹងថាបើកដៃឲ្យពលករឆ្លងដែនខុសច្បាប់

លោក តុល សារិន ហៅខ្លឹង ត្រូវបានប្រជាពលរដ្ឋមូលដ្ឋានចោទប្រកាន់ថា បានប្រព្រឹត្តសកម្មភាពបើកដៃឲ្យពលករខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសសៀមដោយខុសច្បាប់។ ប្រភពដដែលបានបញ្ជាក់ថា បទល្មើសខាងលើនេះគ្មានការទប់ស្កាត់ពីលោកឧត្តមសេនីយ៍ ប៊ុន សេង ដែលជាមេកើយឡើយ។

ប្រជាពលរដ្ឋបានចោទប្រកាន់ថា លោកឧត្តមសេនីយ៍ ប៊ុន សេង អគ្គបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៥ ខេត្តបាត់ដំបង គឺជាអ្នកបើកដៃឲ្យឈ្មោះ តុល សារិន ហៅខ្លឹងធ្វើសកម្មភាពខាងលើនេះដើម្បីរកចំណូលចែកគ្នា។ ការឃុបឃិតគ្នាខាងលើនេះមិនត្រឹមតែនាំមនុស្សឆ្លងដែនខុសច្បាប់នោះទេ គឺថែមទាំងមានបទល្មើសនាំចូលទំនិញគេចពន្ធសព្វសារពើពីប្រទេសសៀមចូលមកប្រទេសកម្ពុជាផងដែរ។

សមត្ថកិច្ចល្មមៗមិនហ៊ានចេញមុខចុះបង្ក្រាបទីតាំងលោក តុល សារិន ទេ ព្រោះបុគ្គលនេះមានឥទ្ធិពលខ្លាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក ពិសេសមានឧត្តមសេនីយ៍ ប៊ុន សេង ជាបង្អែក។ ប្រភពពីមន្រ្តីយោធាបានបញ្ជាក់ថា ច្រកជោគជ័យ-ណងចាន់ ត្រូវបាន លោក តុល សារិន រៀបចំសេណារីយោឲ្យមេខ្យល់ដឹកពលករខ្មែរមកស្តុកទុកនៅច្រករបៀងរបស់ខ្លួនទម្រាំដល់ពេលយប់ខាងឈ្មួញសៀមមកទទួល។

ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខេត្តបាត់ដំបង បានស្នើដល់អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជាន់ខ្ពស់នៅក្រសួងការពារជាតិគប្បីជួយត្រួតពិនិត្យមន្រ្តីដែលរងការរិះគន់ខាងលើនេះផងព្រោះបើបណ្តែតបណ្តោយឲ្យប្រព្រឹត្តអំពើល្មើសច្បាប់ខាងលើនេះបន្តទៀតពលរដ្ឋខ្មែរនឹងរងគ្រោះកាន់តែច្រើនឡើងៗ។ ប្រភពដដែលបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលគប្បីអភិវឌ្ឍន៍ប្រទេសឲ្យបានលឿន និងមានភាពត្រឹមត្រូវ ដើម្បីបង្កើតការងារបានច្រើន និងប្រាក់ខែសមរម្យ ឈានទៅកាន់បន្ថយពលករចំណាកស្រុកដូចសព្វថ្ងៃនេះ៕

IMG_0257