លោក យ៉ែម បុញ្ញប្ញទ្ធិ បញ្ជាក់ពីគំនិតគិតសង្គមសម្រាប់ប្រជាជាតិនីមួយៗ

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញប្ញទ្ធិ ថ្មីៗនេះ បានបញ្ជាក់ថា គំនិតគិតសង្គម តែងតែមានសម្រាប់ប្រជាជាតិនីមួយៗ ហើយសង្គមមួយដែលមានស្ថិរភាព និងសន្តិភាព គឺពិតជាមោទនភាពសម្រាប់ជាតិមួយ ហើយប្រែក្លាយគំនិតគិតសង្គមឱ្យទៅជាកម្លាំងមួយដ៏រឹងមាំ ក្នុងការការពារ កសាង អភិវឌ្ឍន៍សង្គមជាតិយើង។ ដូច្នេះគេតែងតែគិតថា ត្រូវធ្វើយ៉ាងណាដើម្បីរៀបចំបណ្តុះគំនិតគិតសង្គម?

លោក យ៉ែម បុញ្ញប្ញទ្ធិ បានពន្យល់ទៀតថា គំនិតគិតសង្គម អាចកើតមានបាននៅពេលដែលប្រជាពលរដ្ឋទទួលបានការអប់រំយល់ដឹង ពីបរិស្ថាន ពីប្រវត្តិសាស្រ្ត ពីធនធានរបស់សង្គមជាតិដែលមាន ពីអារ្យធម៌ វប្បធម៌ និងភាពរុងរឿងជាវិជ្ជមានក្នុងសង្គម មនសិការ ឧត្តមគតិ ស្រឡាញ់សង្គមជាតិ និងមានមោទនភាពជាតិពិតប្រាកដ ក្នុងនាមជាកូនខ្មែរ។

គំនិតគិតសង្គម ត្រូវបានលោក យ៉ែម បុញ្ញប្ញទិ្ធ បញ្ជាក់ថា កើតចេញពីសមាជិកនៃសង្គមនោះគ្រប់ៗរូប ដែលទទួលបានពីគ្រួសារ សាលា សាសនា និងសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ចូលរួមចំណែកអប់រំផ្សព្វផ្សាយ នូវទស្សនៈគំនិតយោបល់ល្អៗ គិតពីសង្គមជាតិ គិតជាវិជ្ជមាន គិតពីផលប្រយោជន៍សង្គម ដើម្បីកូនចៅយើងគ្រប់ៗជំនាន់។

ជុំវិញបញ្ហាខាងលើនេះ លោក យ៉ែម បុញ្ញប្ញទ្ធិ បានបញ្ជាក់ថា ការអភិវឌ្ឍ ដែលជាគោលដៅចម្បងមួយក្រោយពីប្រទេសយើងមានស្ថិរភាព សន្តិភាព គួបផ្សំជាមួយនឹងការផ្សះផ្សាជាតិ មិនគុំកួនសងសឹក ខ្មែរតែមួយ ហើយជាឱកាសមួយដែលខ្មែរគ្រប់រូបប៉ងប្រាថ្នាចង់បានចង់ឃើញ គឺការអភិវឌ្ឍប្រទេសជាតិ ហើយការអភិវឌ្ឍនោះឱ្យបានផលដល់ប្រជាជាតិខ្មែរ និងប្រកបដោយចីរភាព៕

IMG_0548