លោក សម រង្ស៊ី បញ្ជាក់ថាមានតែលទ្ធិប្រជាធិបតេយ្យពិតប្រាកដប៉ុណ្ណោះ ទើបនាំកម្ពុជាឲ្យសម្បូររុងរឿង

នៅថ្ងៃនេះអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ថាមានតែលទ្ធិប្រជាធិបតេយ្យពិតប្រាកដប៉ុណ្ណោះ ទើបនាំកម្ពុជាឲ្យសម្បូររុងរឿងពិតប្រាកដ។ ដូច្នេះការដែលប្រទេសកម្ពុជាបច្ចុប្បន្ននេះមិនទាន់មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះហើយទើបប្រទេសកម្ពុជានិងប្រជាពលរដ្ឋកម្ពុជាមិនទាន់បានទទួលនូវការអភិវឌ្ឍនិងភាពសម្បូររុងរឿងដូចប្រទេសមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

លោក សម រង្ស៊ី បានពន្យល់ថា មានតែលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ ទើបអាចនាំមកនូវយុត្តិធម៌សង្គម ការអភិវឌ្ឍលើគ្រប់វិស័យឲ្យសម្បូររុងរឿងបាន ដែលបញ្ហានេះប្រជាពលរដ្ឋខ្មែរភាគច្រើនបានដឹងច្បាស់ណាស់ថាប្រទេសកម្ពុជាបច្ចុប្បន្ននេះមានបញ្ហាអ្វីខ្លះបានកើតឡើងដែលទាមទារឲ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដែលនោះជាតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចង់ឃើញ។

ការគំរាមកំហែង ការធ្វើបាបរូបលើអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស និងរូបលោកជាដើម ត្រូវបានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិបញ្ជាក់ថា ជាកត្តាធ្វើឲ្យពលរដ្ឋបន្ថែមការចាប់អារម្មណ៍ទៅលើគណបក្សជំទាស់ និងជំរុញភាពខ្លាំងរបស់គណបក្សសង្គ្រោះជាតិ ធានាដល់ការផ្លាស់ប្តូរ។

លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសកម្ពុជាជិត៤០ឆ្នាំមកនេះមិនទាន់មានលក្ខណៈប្រជាធិបតេយ្យពេញលេញនៅឡើយទេ ហើយសហគមន៍អន្តរជាតិក៏មិនទាន់ទទួលស្គាល់ឲ្យបានទូលំទូលាយផងដែរ។ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថាការមិនមានការផ្លាស់ប្តូរមេដឹកនាំប្រទេសនេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជានៅតែមានភាពអន់ថយជាងបណ្តាប្រទេសផ្សេងៗ៕

IMG_0568