រឿងភរិយាអភិបាលខេត្តពោធិ៍សាត់ ធ្វើអាជីវកម្មបូមខ្សាច់កំពុងប្រឈមនឹងការរិះគន់ យ៉ាងខ្លាំង

ពលរដ្ឋក្នុងក្រុងពោធិ៍សាត់ បានអំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យមើលអាជីវកម្មបូមខ្សាច់របស់លោកស្រី ហ៊ុន ចាន់ធី ជាបន្ទាន់ ។ សូម បញ្ជាក់ថាអាជីវកម្មបូមខ្សាច់ក្នុងខេត្តពោធិ៍សាត់ កំពុងតែធ្វើឲ្យពលរដ្ឋរិះគន់យ៉ាងពេញបន្ទុក ព្រោះអីមានពាក់ព័ន្ធជាមួយលោកស្រី ហ៊ុន ចាន់ធី ដែលជាភរិយាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់តែម្តង។ ជាក់ស្តែងអ្នកមើលការខុសត្រូវការដ្ឋានបូមខ្សាច់ នៅចំណុចខាងក្រោមទំនប់ដំណាក់អំពិល បាននិយាយថាក្រុមហ៊ុនរបស់ខ្លួនស៊ីឈ្នួលបូមខ្សាច់ឲ្យលោក ម៉ៅ ធនិន ជាអភិបាលខេត្តដោយក្នុងមួយប៉ែលអាអ៊ិចឬ១ម៉ែត្រគូបត្រូវបង់លុយឲ្យខាងខេត្ត១ចំនួនដុល្លារអាមេរិកឬ៤០០០រៀល ហើយពេលលក់ខ្សាច់ក្នុងមួយម៉ែត្រគូបមានតម្លៃ៨០០០រៀល។ បញ្ហានេះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល គួរពិនិត្យមើល ខ្លះផងព្រោះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងប្រពន្ធឈ្មោះ ហ៊ុន ចាន់ធី ក្លាយ ជាថៅកែអាជីវកម្មខ្សាច់យ៉ាងសុខស្រួល។

ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ បានឲ្យដឹងថារមណីយដ្ឋានកោះថាសនិងសំណង់ធារាសាស្រ្តទំនប់ដំណាក់អំពិល ដែលធ្លាប់តែមានមនុស្សទៅលេងយ៉ាងកុះករនាពេលកន្លងមកនោះសព្វថ្ងៃកំពុងត្រូវបានបំផ្លាញដោយសារតែអាជីវកម្មបូមខ្សាច់របស់លោកស្រី ហ៊ុន ចាន់ធី ភរិយាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ហើយមានការឃុបឃិតពីប្រធានមន្ទីររ៉ែនិង ថាមពលខេត្តពោធិ៍សាត់ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា តំបន់រមណីយដ្ឋានទាំងពីរកន្លែងនោះ កំពុងតែក្លាយទៅជាទីតាំងបូមខ្សាច់អស់ហើយដោយគេយកគ្រឿងចក្រនិងម៉ាស៊ីនទៅបូមខ្សាច់ យ៉ាងពេញបន្ទុកនិងមានការជីកផ្តាច់កោះថាសទៀតផង។ បញ្ហានេះបានធ្វើឲ្យតំបន់រមណីយដ្ឋានកោះថាស និងទំនប់ទ្វារទឹកដំណាក់អំពិល ក្លាយទៅជាទីកន្លែងស្ងាត់ជ្រងំគ្មានមនុស្សទៅកម្សាន្តច្រើនដូចពីមុនទៀតទេ តែវាក្លាយទៅជាប្រភពចំណូលដ៏ធំសម្រាប់ លោក ស្រី ហ៊ុន ចាន់ធី ភរិយាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ បានឲ្យដឹងថាដោយសារអាងអំណាចស្វាមីខ្លួនជា អភិបាលខេត្តពោធិ៍សាត់ ទើបលោកស្រី ហ៊ុន ចាន់ធី ហ៊ានធ្វើអាជីវកម្មបូមខ្សាច់យ៉ាងគឃ្លើន នៅក្នុងតំបន់កោះថាស និងទំនប់ទឹកដំណាក់អំពិល ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រ ការនេះលោក ស៊ុយ សែម ដែលជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មិនគួរធ្វើជាមើលរំលងតទៅ ទៀតទេ ព្រោះអីអ្នកគ្រប់គ្រងជាជីវកម្មបូមខ្សាច់នៅចំណុចកោះថាស និងទំនប់ដំណាក់អំពិល បានបញ្ជាក់ពួកគេស៊ីឈ្នួលបូមខ្សាច់ឲ្យលោកស្រី ហ៊ុន ចាន់ធី ប្រពន្ធលោកចៅហ្វាយខេត្ត។ អាជីវកម្មបូមខ្សាច់របស់លោកស្រី ហ៊ុន ចាន់ធី កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់រម ណីយដ្ឋានធម្មជាតិ ហើយជាការបំផ្លាញបរិស្ថានកោះថាស និងទំនប់ទឹកដំណាក់អំពិល យ៉ាងមហន្តរាយដូច្នេះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មិនគួរមើលរំលង តទៅទៀតឡើយ៕

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល

លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី

លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី