លោក សម រង្ស៊ី បញ្ជាក់ពីសមាសភាពកូនប្រុសរបស់លោកដែលមានជំនាញប្រឆាំងអំពើពុករលួយ

ថ្មីៗនេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ពីសមាសភាពកូនប្រុរបស់លោក ឈ្មោះ សម សារុំ ប៉ាទ្រីស ដែលរស់នៅទីក្រុងប៉ារីស។ លោក សម រង្ស៊ី បានបញ្ជាក់ថា សារុំ ឥឡូវអាយុ៤៥ ឆ្នាំ។ គេបានបំពេញការសិក្សានៅមហាវិទ្យាល័យប្រទេសបារាំង ផ្នែកយន្តសាស្ត្រ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងគ្រប់គ្រងសហគ្រាស ហើយគេបានធ្វើការ២០ឆ្នាំ ជាអ្នកជំនាញខាងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម (audit) នៅក្រុមហ៊ុនសវនកម្មអន្តរជាតិ PriceWaterhouseCoopers នៅធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ព្រមទាំងនៅសាខាមួយចំនួនរបស់អង្គការសហប្រជាជាតិ នៅទ្វីបអឺរ៉ុប (UNESCO, Global Fund, WIPO) ក្នុងនាយកដ្ឋានប្រឆាំងអំពើពុករលួយ (Integrity Department)។

លោក សម រង្ស៊ី បានពន្យល់ទៀតថា មុននោះគេក៏បានធ្វើការជាមន្ត្រីតុលាការបារាំងនៅទីក្រុងប៉ារីស ផ្នែកប្រឆាំងបទល្មើសហិរញ្ញវត្ថុ (Pôle financier du Tribunal de Paris) ដោយមានជំនាញខាងស៊ើបអង្កេត និងបង្ក្រាបអំពើពុករលួយ។ អំពើពុករលួយ គឺជាប្រធានបទសំខាន់នៅក្នុងយុទ្ធនាការឃោសនាយោបាយក្នុងដំណើរការបោះឆ្នោតកន្លងមកដែលតែងត្រូវបានលោក សម រង្ស៊ី យកចិត្តទុកដាក់យ៉ាងខ្លាំង ពីព្រោះលោកយល់ថាអំពើពុករលួយជាឧបសគ្គចម្បងដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។

គួរបញ្ជាក់ថា អំពើពុករលួយនៅប្រទេសកម្ពុជាត្រូវបានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ចាត់ទុកថាគឺជាទង្វើរបស់អ្នកមានអំណាចដែលកេងប្រវ័ញ្ច និងលួចផលចំណេញពីការលក់ដូរ ឬការប្រើប្រាស់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ ជាពិសេសតាមរយៈការគ្រប់គ្រងថវិកាជាតិ ដែលបានមកពីញើសឈាមប្រជារាស្ត្រទាំងមូល។

កន្លងមក លោក សម រង្ស៊ី បានបញ្ជាក់ថា អង្គការពិភពលោក “តម្លាភាពអន្តរជាតិ ” (Transparency International) បានដាក់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេសដែលពុករលួយជាងគេក្នុងពិភពលោក។ តើអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះមានបានតាមដាននិងស៊ើបអង្កេត ពីរឿងពុករលួយណាមួយខាងលើនេះហើយឬនៅ? ៕

17909543_1135412453271714_1884391046_n