តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញប្ញទ្ធិ បញ្ជាក់ពីកត្តាធ្វើឲ្យជាតិរឹងមាំ

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញប្ញទ្ធិ ថ្មីៗនេះបានបញ្ជាក់ថា ជាតិរឹងមាំ ផ្នែកសេវាសាធារណៈ ផ្នែករដ្ឋបាលសាធារណៈ អាចធ្វើទៅបានតាមការកំណត់គោលដៅមួយ ដោយផ្តោតលើសមត្ថភាពមុខងារ និងគុណភាពស្ថាប័ន អង្គភាព ក្រសួង ជាជាងលើទំហំ និងចំនួនដ៏ច្រើនលើសលប់។ ដូច្នេះក្នុងគោលនយោបាយកំណែទម្រង់ជាវិជ្ជមាន តម្រូវឱ្យយើងធ្វើទំនើបកម្ម ផ្ដល់មធ្យោបាយ ពង្រឹងសមត្ថភាព គុណភាព និងកាត់បន្ថយចំណាយមិនចាំបាច់របស់រដ្ឋ។

លោក យ៉ែម បុញ្ញប្ញទ្ធិ បន្តពន្យល់ថា ជាតិរឹងមាំ នៅមូលដ្ឋានគ្រឹះភូមិ ឃុំយើង ដែលតម្រូវឱ្យយើងបន្ថែមការចំណាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរុញការអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ច និងសេវាសង្គម សម្រាប់ប្រជាពលរដ្ឋខ្មែរប្រហែលជាង៨០ភាគរយដែលរស់នៅតាមទីជនបទ ដើម្បីឲ្យមានជីវភាពធូរធារ និងរស់នៅដោយសេចក្តីថ្លៃថ្នូរយ៉ាងពិតប្រាកដ។

កត្តាធ្វើឲ្យជាតិរឹងមាំត្រូវបានលោក យ៉ែម បុញ្ញប្ញទ្ធិ បន្តថានៅពេលដែលប្រជាពលរដ្ឋខ្មែរក្លាយជាម្ចាស់វាសនាជាតិមាតុភូមិខ្មែរដ៏ពិតប្រាកដ ដែលខ្មែរគ្រប់រូបគ្រប់ទិសទី មិនថាជនបទ ឬទីក្រុង មិនថាក្នុង ឬក្រៅប្រទេស មានសិទ្ធិសេរី មានកាតព្វកិច្ចចូលរួមពេញលេញ មិនព្រងើយកន្តើយនឹងបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយ ក្នុងនាមខ្មែរតែមួយ។

ជុំវិញបញ្ហាខាងលើនេះ លោក យ៉ែម បុញ្ញប្ញទ្ធិ បានសង្កត់ធ្ងន់ថា ប្រទេសយើងមានស្ថិរភាព សន្តិភាព គួបផ្សំជាមួយនឹងការផ្សះផ្សាជាតិ មិនគុំកួនសងសឹក ខ្មែរតែមួយ យើងរួបរួមគ្នាកសាង អភិវឌ្ឍន៍ប្រទេសជាតិ ដោយឱ្យការអភិវឌ្ឍនោះបានផលដល់ប្រជាជាតិខ្មែរ និងប្រកបដោយចីរភាព៕

17910681_1135412953271664_1942661482_n