ករណីលោក សេង សុខណាក់ ផ្លោះជាអនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ កំពុងរងការរិះគន់កាន់តែខ្លាំង

ករណី លោក សេង សុខណាក់ ដែលមានអាយុទើបតែ៣៣ឆ្នាំ ជាអនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ ដែលមានកាំប្រាក់ ក៣-៦ កំពុងរត់ការជាមួយថ្នាក់លើ និងដោយមានការអន្តរាគមន៍ពីឯកឧត្តមឧបនាយករដ្ឋមន្រី្តម្នាក់ ដើម្បីបានតំណែងជាអនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តព្រះសីហនុ កំពុងរងការរិះគន់កាន់តែខ្លាំងឡើងៗ។

គួរបញ្ជាក់ថា ថ្មីៗនេះមានភាពមិនប្រក្រតីមួយកើតមាននៅក្នុងមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ បន្ទាប់ពីមន្ត្រីនៅក្នុងមន្ទីរមួយនេះសម្តែងក្តីបារម្ភបន្ទាប់ពីទទួលដំណឹងថា ថ្នាក់លើ កំពុងរៀបចំឯកសារតែងតាំង អនុប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងភូមិបាលថ្នាក់ស្រុកម្នាក់ធ្វើជាអនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ។

លោក សេង សុខណាក់ ដែលមានអាយុទើបតែ៣៣ឆ្នាំ ហើយបច្ចុប្បន្នជាអនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកព្រៃនប់ ត្រូវបានមន្រ្តីរាជការបម្រើការងារនៅមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុបង្ហើបថា កំពុងរត់ការដើម្បីបានឡើងតំណែងខាងលើដែលមានមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលជួយជ្រោមជ្រែងដោយមិនហ៊ានចេញមុខ។

មន្រ្តីរាជការភាគច្រើននៅតែត្អូញត្អែរនិងរិះគន់ថា អំពើពុករលួយនៅតែមានឥទ្ធិពលនៅក្នុងស្ថាប័នរដ្ឋ ពិសេស គឺបក្ខពួកនិយមដែលបញ្ហានេះកំពុងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ ព្រោះមន្រ្តីស្អាតស្អំ មានអតីតភាពការងារច្រើនឆ្នាំ និងមានសមត្ថភាព ដែលគ្មានប្រាក់សូកប៉ាន់ និងគ្មានបក្ខពួក ពុំមានឱកាសឡើងតំណែង ឬកាន់មុខតំណែងល្អៗ។ ប្រភពដដែលបានបញ្ជាក់ថា មន្រ្តីពុករលួយ បក្ខពួកនិយម ភាគច្រើនមិនបានទទួលការអប់រំដោយគុណភាព គ្មានសមត្ថភាពសមស្រប ដែលប៉ះពាល់ដល់ប្រសិទ្ធភាពការងារ៕

IMG_0654