ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមិនគួរមើលរំលងរឿងអាស្រូវពុករលួយរបស់ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាបនោះទេ

មន្ត្រីរាជការក្នុងសាលាក្រុងសៀមរាប មួយចំនួនបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃកុំឲ្យមើលរំលងរឿងអាស្រូវពុករលួយរបស់លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប តទៅទៀត។ ប្រភពពីមន្ត្រីរាជការក្នុងសាលាក្រុងសៀមរាបបានបង្ហើបឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប កំពុងព្យាយាមបិទបាំងអំពើពុករលួយ របស់ខ្លួនយ៉ាងស្លន់ស្លោក្រោយពេលរឿងអាស្រូវត្រូវបានទម្លាយជាសាធារណៈ។ ទោះជា យ៉ាងណាលោក សូរ ប្លាតុង មិនអាចបិទបាំងការពិតបានទេ ហើយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប គួរចាត់វិធានការតាមច្បាប់ទៅលើមន្ត្រីពុករលួយព្រោះលោក សូរ ប្លាតុង កំពុងប្រើអំណាចធ្វើអ្វីៗតាមអំពើចិត្ត។ ជាងនេះទៅទៀតថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានគួរបើកការស៊ើប អង្កេតជាបន្ទាន់ទៅលើរឿងពុករលួយរបស់លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប។

កាលពីសប្តាហ៍មុនមន្ត្រីរាជការដែលបម្រើការងារនៅសាលាក្រុងសៀមរាប មួយចំនួនបានអំពាវនាវឲ្យលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតទប់ស្កាត់អំពើពុករលួយរបស់លោក សូរ ប្លាតុង ហៅ ឈិន អភិបាលក្រុងសៀមរាប ជាបន្ទាន់។ ដោយហេតុថាតាំងពីឡើងកាន់តំណែងជាអភិបាលក្រុងសៀមរាប រួចមកលោក សូរ ប្លាតុង ប្រើអំណាចប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាពហើយលូកដៃកកូរកកាយការងារនៅក្នុងការិយាល័យភូមិបាលក្រុងយ៉ាងទទឹងទិសថែម ទៀតដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ដោយសារតែអត់ធ្មត់តទៅទៀតលែងបានទើបមន្ត្រីរាជការសាលាក្រុងសៀមរាប ចាប់ផ្តើមលាតត្រដាងរឿងអាស្រូវពុករលួយរបស់លោក សូរ ប្លាតុង ជាសាធារណៈដើម្បីឲ្យបានជ្រាបដល់ថ្នាក់លើ។

មន្ត្រីតូចតាចបានលើកឡើងថាលោក សូរ ប្លាតុង ក្នុងតួនាទីជាអភិបាលក្រុងសៀមរាប កំពុងលូកដៃកកូរកកាយការងារនៅក្នុងការិយាល័យភូមិបាលក្រុងយ៉ាងគឃ្លើន ហើយថែមទាំងប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមយ៉ាងពេញបន្ទុកមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប៉ុន្មានឆ្នាំកន្លងទៅនេះលោក សូរ ប្លាតុង ប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមកាន់តែខ្លាំង ហើយធ្វើបាបគាបសង្កត់យ៉ាងកំរោលទៅលើមន្ត្រីទាំងឡាយណាដែលហ៊ានសួរដេញដោលរឿងរ៉ាវផ្សេងៗនៅពេលមានបើកកិច្ចប្រជុំម្តងៗដោយសារតែគេបានដឹងនូវរឿងពុករលួយរបស់ខ្លួន។ ជាងនេះទៅទៀតលោក សូរ ប្លាតុង តែងតែរកលេសដកបញ្ឈរជើងមន្ត្រីណាដែលមិនមែនជាបក្ខពួកខ្លួនបើទោះបីមន្ត្រីទាំងនោះធ្វើការងារបម្រើជាតិ២០ទៅ៣០ឆ្នាំមកហើយក៏ដោយគឺលោក សូរ ប្លាតុង គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងងងើល៕

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប

លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប

លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប