លោក សម រង្ស៊ី បានបញ្ជាក់ថា បើមានការបើកផ្លូវលោកនឹងត្រឡប់មកកម្ពុជាដើម្បីចូលរួមការបោះឆ្នោតដោយយុត្តិធម៌

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបរទេសផ្សាយជាខេមរភាសាជាច្រើនក្នុងដើមសប្តាហ៍នេះ បានបញ្ជាក់ជាថ្មីថា បើមានការបើកផ្លូវលោកនឹងត្រឡប់មកកម្ពុជាដើម្បីចូលរួមការបោះឆ្នោតដោយយុត្តិធម៌។ លោក សម រង្ស៊ី ក៏បានបន្តរិះគន់ថា ក្រុមអ្នកកាន់អំណាចបច្ចុប្បន្នជាជនកំសាកដែលមិនអនុញ្ញាតឲ្យលោកវិលត្រឡប់ចូលប្រទេសកម្ពុជា ដើម្បីប្រកួតប្រជែងលើឆាកនយោបាយ និងគោលនយោបាយដឹកនាំប្រទេសស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។

លោក សម រង្ស៊ី បានថ្លែងថា ច្បាស់ណាស់គណបក្សសង្រ្គោះជាតិ និងរូបលោកកំពុងមានប្រជាប្រជាប្រិយភាពកើនឡើងដែលអាចឈ្នះការបោះឆ្នោតនាពេលខាងមុខ ហើយស្ថានភាពនេះជាការគំរាមកំហែងដល់ក្រុមអ្នកកាន់អំណាចបច្ចុប្បន្ន ដូច្នេះពួកគេបានប្រើប្រាស់មធ្យោបាយជាច្រើនរារាំងនិងគាបសង្កត់លើលោក ក៏ដូចជាគណបក្សជំទាស់មិនឲ្យចូលរួមប្រកួតប្រជែងលើឆាកនយោបាយដោយយុត្តិធម៌។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា បើក្រុមអ្នកកាន់អំណាចចង់ឲ្យការបោះឆ្នោតនាពេលខាងមុខមានភាពយុត្តិធម៌ និងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាននោះ ពួកគេគប្បីអនុញ្ញាតឲ្យរូបលោកវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។ លោក សម រង្ស៊ី បានបន្ថែមថា បើពួកគេនៅតែបន្តរារាំងរូបលោកនិងគាបសង្កត់លើក្រុមអ្នករិះគន់រដ្ឋាភិបាល នោះពួកគេនឹងគ្មានតម្លៃលើឆាកជាតិនិងអន្តរជាតិ ហើយក៏គ្មានការទទួលស្គាល់ពីភាពស្របច្បាប់ក្នុងការដឹកនាំប្រទេសរបស់ពួកគេផងដែរ។

ក្រោយការរិះគន់របស់លោក សម រង្ស៊ី ខាងលើគឺនៅថ្ងៃនេះ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានសម្រេចចេញ ស.ជ.ណ ថ្មី ដោយលុបចោល ស.ជ.ណ ចាស់ដែលរារាំងការវិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី ដែលចេញកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងថ្មីរបស់រដ្ឋាភិបាល ដែលបណ្តាញសារព័ត៌មានជាច្រើនទទួលបាននិងផ្សព្វផ្សាយនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ៕

IMG_2256