លោក យឹម សុវណ្ណ បញ្ជាក់ថាមានអ្នកគាំទ្ររដ្ឋាភិបាលផ្លាស់មកគាំទ្រគណបក្សជំទាស់ តែខ្លះមិនទាន់ចេញមុខ

តំណាងរាស្រ្តនិងជាមន្រ្តីនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ក្នុងឱកាសថ្លែងទៅកាន់មេឃុំ-ចៅសង្កាត់មកពីគណបក្សសង្រ្គោះជាតិកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ដោយសារតែគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ មានភាពត្រឹមត្រូវហើយគណបក្សសង្រ្គោះជាតិ កំពុងមានប្រជាប្រិយភាពកើនឡើងនោះ ធ្វើឲ្យអ្នកគាំទ្ររដ្ឋាភិបាលផ្លាស់មកគាំទ្រគណបក្សជំទាស់ តែខ្លះមិនទាន់ចេញមុខ ហើយពួកគាត់នឹងចេញមុខកាន់តែច្បាស់នៅឆ្នាំ២០១៨គឺនៅក្នុងពេលបោះឆ្នោត និងនៅក្រោយការបោះឆ្នោត។

លោក យឹម សុវណ្ណ បានពន្យល់ថា បើមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងសកម្មជននៅមូលដ្ឋានខិតខំពេញការងារ និងតួនាទីរបស់ខ្លួនឲ្យបានល្អនោះអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលមានស្រាប់មិនត្រឹមតែបន្តការគាំទ្រយ៉ាងមុតមាំចំពោះគណបក្សសង្រ្គោះជាតិដើម្បីសម្រេចគោលដៅជាយុទ្ធសាស្រ្តរបស់ខ្លួននោះទេ តែគណបក្សសង្រ្គោះជាតិក៏អាចទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋខ្មែរកាន់តែច្រើនថែមទៀត ពិសេសមន្រ្តីជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ដែលធ្លាប់គាំទ្ររដ្ឋាភិបាលក៏ងាកមកគាំទ្រគណបក្សជំទាស់ដែរ។

ដោយសារតែឥរិយាបថរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងគោលនយោបាយរបស់គណបក្សមានភាពល្អប្រសើរទើបធ្វើឲ្យគណបក្សសង្រ្គោះជាតិទទួលការគាំទ្រពីពលរដ្ឋកាន់តែច្រើនឡើងៗ។ ពាក់ព័ន្ធបញ្ហានេះលោក យឹម សុវណ្ណ បានសង្កត់ធ្ងន់ថា គណបក្សជំទាស់នឹងបន្តជោគជ័យថែមទៀតបើថ្នាក់ដឹកនាំគណបក្ស និងមេឃុំ ចៅសង្កាត់ ចៅសង្កាត់រង ជំទប់ទី១ ជំទប់ទី២ និងក្រុមប្រឹក្សាជាប់ឆ្នោត បេ្តជ្ញាបំពេញកាតព្វកិច្ចបម្រើពលរដ្ឋនិងប្រទេសជាតិ ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវ ។

ជុំវិញបញ្ហាខាងលើនេះ លោក យឹម សុវណ្ណ បានសង្កត់ធ្ងន់ថា មន្រ្តីគណបក្សសង្រ្គោះជាតិគ្រប់ជាន់ថ្នាក់ត្រូវសម្រួចសមត្ថភាព និងចិញ្រ្ចាំពេលវេលាចាប់ពីពេលនេះដល់ឆ្នាំ២០១៨ដែលជាកាលបរិច្ឆេទបោះឆ្នោតថ្នាក់ជាតិ ដើម្បីធានាថាគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោតដើម្បីដឹកនាំប្រទេស។ លោក យឹម សុវណ្ណ បានបន្ថែមថា គណបក្សសង្រ្គោះជាតិ ក៏កំពុងទទួលការគាំទ្រយ៉ាងច្រើនពីមន្រ្តីរាជការ និងកម្លាំងប្រដាប់វុធផងដែរ ពិសេសមន្រ្តីក្នុងជួររដ្ឋាភិបាល តែពួកគាត់ខ្លះនៅមិនទាន់ហ៊ានចេញមុខជាសាធារណៈ ហើយពួកគាត់នឹងចូលរួមដឹកនាំប្រទេសជាមួយគណបក្សសង្រ្គោះជាតិ នៅក្រោយការបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខ៕

IMG_2257