លោក សម រង្ស៊ី ចង់ឃើញការធានាពីសុវត្ថិភាព សេរីភាពរបស់លោក និងអ្នកនយោបាយផ្សេងទៀត

បើទោះជារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានលុបចោលបម្រាមកន្លងមកដែលបើកផ្លូវឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អាចវិលត្រឡប់ចូលប្រទេសកម្ពុជាក៏ដោយក៏លោក សម រង្ស៊ី បានបញ្ជាក់ថា លោកមិនទាន់អាចវិលត្រឡប់ចូលប្រទេសកម្ពុជាបានឡើយនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ព្រោះរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលតែងតែចាប់ចងនិងគំរាមកំហែងលើអ្នកនយោបាយនិងសកម្មជនសង្គមស៊ីវិល រដ្ឋាភិបាលមិនទាន់បានធានាដល់សេរីភាពនិងសុវត្ថិភាពរបស់លោក ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀត។

លោក សម រង្ស៊ី បានពន្យល់ថា មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ លោកត្រូវការឲ្យលោក ហ៊ុន សែន បញ្ជាក់ថាគាត់យល់ព្រមបោះបង់គម្រោងរបស់គាត់ដែលចង់កម្ចាត់មនុស្សពី១០០ ទៅ២០០ នាក់ដើម្បីរក្សាអំណាចរបស់គាត់។ គម្រោងនេះត្រូវបានគាត់ប្រកាសជាសាធារណៈថ្មីៗនេះ។ លោកដឹងថា តាំងតែពីឆ្នាំ១៩៩៧ លោកជាមនុស្សទី១ នៅលើបញ្ជីខ្មៅរបស់គាត់ហើយលោកក៏ដឹងដែរថា គាត់បានរក្សាផ្នត់គំនិត និងទម្លាប់ខ្មែរក្រហម តាំងតែពីគាត់ធ្វើជាមេទ័ពខ្មែរក្រហមកាលពីសម័យប៉ុល ពត។

ទន្ទឹមនឹងនេះតាមរយៈសំណេរនៅលើបណ្ដាញទ្វីតធ័រផ្លូវការនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងស្ថិតនៅប្រទេសបារាំង បានសរសេរភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរដូច្នេះថា លោកនឹងត្រឡប់ទៅកម្ពុជាវិញឆាប់ៗនេះ នៅពេលដែលបញ្ហាអយុត្តិធម៌ និងអំពើមិនត្រឹមត្រូវទាំងអស់ដែលធ្លាប់បានប្រើមករារាំងការចូលរួមបោះឆ្នោតរបស់លោកត្រូវបានលុបចោល។

គួរបញ្ជាក់ថារដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចលុបចោលបម្រាមដែលហាមលោក សម រង្ស៊ី ចូលប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៤ មិថុនា ។ ចាប់ពីថ្ងៃប្រកាសលុបបម្រាមនេះទៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អាចជិះយន្តហោះនៃក្រុមហ៊ុនណាក៏បាន ចូលមកប្រទសកម្ពុជា។ ប៉ុន្តែលោក សម រង្ស៊ី មិនអាចគេចផុតពីការប្រឈមនឹងរឿងក្តីយ៉ាងច្រើនស្អេកស្កះនៅក្នុងតុលាការនោះទេ ដែលរឿងក្តីទាំងនោះត្រូវបានលោក សម រង្ស៊ី ចាត់ទុកថាជាល្បិចកលនយោបាយដើម្បីគាបសង្កត់លើរូបលោក៕

IMG_2286