លោក កឹម សុខា បញ្ជាក់ថា ចរន្ដនៃការផ្លាស់ប្ដូរបានរីករាលដាលនៅទូទាំងប្រទេសហើយ

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ថ្មីៗនេះបានបញ្ជាក់ថា លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ បានបង្ហាញពីបរិបទថ្មីនៃនយោបាយប្រទេសកម្ពុជាបច្ចុប្បន្ននេះថា ចរន្ដនៃការផ្លាស់ប្ដូរបានរីករាលដាលនៅទូទាំងប្រទេសហើយ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាគប្បីត្រៀមខ្លួនធ្វើការផ្លាស់ប្តូរពីពេលនេះតទៅ ព្រោះការផ្លាស់ប្តូរនឹងកើតឡើងយ៉ាងប្រាកដនៅឆ្នាំ២០១៨ខាងមុខនេះ។

ថ្លែងនៅក្នុងវេទិកាថ្លែងអំណរគុណម្ចាស់ឆ្នោតនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ លោក កឹម សុខា បានពន្យល់ថា កាលពីលើកមុនចរន្ដនៃការផ្លាស់ប្ដូរមានតែនៅតំបន់ខេត្តជុំវិញរាជធានីភ្នំពេញប៉ុណ្ណោះ។ ប៉ុន្ដែឥឡូវចរន្ដនេះបានរីករាលដាលមកដល់តំបន់ភូមិភាគឧត្ដរ មានដូចជាខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងតំបន់ភូមិភាគពាយ័ព្យដែលមានខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ហើយបានធ្វើឲ្យសំឡេងគាំទ្រគណបក្សសង្គ្រោះជាតិ កើនឡើងយ៉ាងសន្ធឹកសន្ធាប់។

លោក កឹម សុខា បានសង្កត់ធ្ងន់ថា ដោយសារតែប្រជាពលរដ្ឋខ្មែរយល់ពីសារៈសំខាន់និងភាពចាំបាច់នៃការផ្លាស់ប្តូរនៅប្រទេសកម្ពុជា ទើបប្រជាពលរដ្ឋខ្មែរបោះឆ្នោតគាំទ្រគណបក្សសង្រ្គោះជាតិដែលជាតួអង្គតែមួយគត់ដែលមានសមត្ថភាពនិងភាពស្អាតស្អំដឹកនាំឲ្យមានការផ្លាស់ប្តូរនៅប្រទេសកម្ពុជា។

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានមានប្រសាសន៍ថា ក្រោយការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតនាពេលខាងមុខ ភាពអយុត្ដិធម៌សង្គម ភាពក្រីក្រនិងបញ្ហាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងបញ្ហាជាច្រើនទៀតដែលកំពុងកើតឡើងនៅក្នុងសង្គមកម្ពុជានឹងត្រូវដោះស្រាយឲ្យមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៨៕

IMG_2285