ក្រុមមន្រ្តីនគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ កំពុងប្រព្រឹត្តអំពើពុករលួយប្រមូលលុយឲ្យលោកស្នងការ អាត់ ខែម

ប្រភពពីមន្រ្តីនគរបាលតូចតាចបម្រើការងារនៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រុមមន្រ្តីនគរបាលសេដ្ឋកិច្ចក្រោមការគ្រប់គ្រងរបស់លោក ចាប សុផារិទ្ធ កំពុងខំប្រឹងប្រមូលលុយតាមគ្រប់រូបភាពដើម្បីយកលុយទៅជូនលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងចំណោមមន្រ្តីនគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ គឺលោក ឆេង សុវត្ថិ កំពុងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេព្រោះអាងមានលោក ចាប សុផារិទ្ធ ស្នងការរងទទួលបន្ទុកផែនសេដ្ឋកិច្ចជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន។ ជាក់ស្តែងបច្ចុប្បន្ននេះមន្រ្តីនគរបាលសេដ្ឋកិច្ចបក្ខពួករបស់លោក ឆេង សុវត្ថិបង្កើតកុងត្រូលជជុះចំនួន៣កន្លែងដើម្បីប្រមូលលុយពីឈ្មួញ និងអាជីវករដែលដឹកជញ្ជូនទំនិញពីតំបន់ព្រំដែនសៀមឆ្លងកាត់ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថា លោក ចាប សុផារិទ្ធ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកបង្រ្កាបបទល្មើសសេដ្ឋកិច្ច កំពុងតែបណ្តោយឲ្យមនុស្សជំនិតរបស់ខ្លួនឈ្មោះ ឆេង សុវត្ថិ និងបក្ខពួកមួយចំនួនបង្កើតកុងត្រូលជជុះយ៉ាងគឃ្លើនគ្មានញញើតនឹងបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតម្រូវឲ្យមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់បណ្តាខេត្តទូទាំងប្រទេសលុបបំបាត់កុងត្រូលជជុះទាំងស្រុងនោះទេ។ លោក ឆេង សុវត្ថិ បានឃុបឃិតឲ្យកូនចៅក្រោមឱវាទបង្កើតប៉ុស្តិ៍ជជុះទី១នៅចំណុចភូមិសែសិន ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ បាត់ដំបង គ្រប់គ្រងដោយឈ្មោះ រស់ សៀម ។ ទី២កុងត្រូលជជុះនៅគល់ស្ពានទី១ផ្លូវជាតិលេខ៦ បន្ទាយមានជ័យ-សៀមរាប គ្រប់គ្រងដោយឈ្មោះ រ័ត្ន និងប៉ុស្តិ៍ជជុះលេខ៣គ្រប់គ្រងដោយលោក ឆេង សុវត្ថិ នៅចំណុចសាលាក្រហម ស្រុកអូរជ្រៅ។

តាមរយៈកុងត្រូលជជុះជាច្រើនកន្លែងដូចខាងលើនេះ គឺលោក ចាប សុផារិទ្ធ និងលោក ឆេង សុវត្ថិ ព្រមទាំងបក្ខពួក អាចប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន ហើយមួយផ្នែកធំត្រូវប្រគល់ជូនលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលល្បីល្បាញខាងពុករលួយជាយូរមកហើយ។ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ឈ្មួញជាច្រើននាក់ដែលប្រករបររកស៊ីដឹកទំនិញពីតំបន់ព្រំដែនស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកស្វាយចេក ឆ្លងកាត់ផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៦ចូលទៅខេត្តបាត់ដំបង និងខេត្តសៀមរាបត្រូវក្រុមបក្ខពួកលោក ឆេង សុវត្ថិ ជំរិតយកលុយស្រេចតែអំពើចិត្ត។បញ្ហានេះលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះក្រុមមន្រ្តីនគរបាលសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ កំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់៕

IMG_2287 IMG_2288