លោក កឹម សុខា បញ្ជាក់ថាដើម្បីដណ្ដើមយកជ័យជំនះនៅឆ្នាំ២០១៨ ត្រូវពង្រឹងទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន

ក្នុងឱកាសចុះថ្លែងអំណរគុណម្ចាស់សន្លឹកឆ្នោតនៅខេត្តបន្ទាយមានជ័យ និងជាការពង្រឹងយុទ្ធសាស្រ្តគណបក្សសង្រ្គោះជាតិ នៅក្នុងសប្តាហ៍នេះលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា ដើម្បីបោះមួយជំហានទៀតឈានទៅដណ្ដើមយកជ័យជំនះនៅឆ្នាំ២០១៨ គណបក្សសង្រ្គោះជាតិត្រូវធ្វើដំណើរឲ្យព្រមៗគ្នាឲ្យខ្លាំងក្លាទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ទាំងក្រុមការងារនិងគណៈកម្មាធិការប្រតិបត្ដិមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

លោក កឹម សុខា បានពន្យល់ថា សម្រាប់ថ្នាក់ជាតិ គណបក្សសង្រ្គោះជាតិត្រូវរក្សានូវគោលជំហរសាមគ្គីភាពរឹងមាំ អនុវត្តន៍គោលការណ៍ដោយស្មោះត្រង់ រៀបចំគោលនយោបាយច្បាស់លាស់ ស្របតាមសេចក្ដីត្រូវការរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋដើម្បីជាទុនសម្រាប់ថ្នាក់មូលដ្ឋានគណបក្សសង្រ្គោះជាតិ យកទៅទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ។

ចំពោះថ្នាក់មូលដ្ឋាន លោក កឹម សុខា បានស្នើដល់ភាគីពាក់ព័ន្ធឲ្យបន្ដពង្រឹងនូវសាមគ្គីភាព ពង្រីកសកម្មភាព និងអនុវត្តន៍ឲ្យបានហ្មត់ចត់នូវគោលការណ៍ គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ឲ្យបានខ្លាំងក្លាដើម្បីបង្កើននូវការគាំទ្រពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

ជុំវិញបញ្ហាខាងលើនេះប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានសង្កត់ធ្ងន់ថា យោងតាមលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នឆ្នាំ២០១៧ បានបង្ហាញថា ចរន្ដប្រជាពលរដ្ឋខ្មែរ ដែលចង់ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានកំពុងរីករាលដាលទូទាំងប្រទេសដែលធ្វើឲ្យគណបក្សកាន់អំណាចនឹងបរាជ័យ។ ការបោះឆ្នោតថ្នាក់ជាតិនៅតែជាង ១ឆ្នាំទៀតទេដែលគណបក្សសង្រ្គោះជាតិ និងប្រជាពលរដ្ឋខ្មែរជិតដល់គោលដៅហើយ។ អាស្រ័យហេតុនេះសូមឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងបន្ដដំណើរទៅមុខទៀត ឆ្ពោះទៅរកការបោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាននៅឆ្នាំ២០១៨៕

IMG_2301