លោក អេង ឆៃអ៊ាង បារម្ភពីការយកលេសលើកពេលការបោះឆ្នោតជាតិ ឬរំលាយគណបក្សសង្គ្រោះជាតិ

ក្នុងខណៈដែលករណីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ឬអត់? កំពុងក្លាយជាប្រធានបទនយោបាយយ៉ាងក្តៅគគុកក្នុងឆាកនយោបាយកម្ពុជានោះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃនេះបានសម្តែងក្តីបារម្ភពីការយកលេសលើកពេលការបោះឆ្នោតជាតិ ឬរំលាយគណបក្សសង្គ្រោះជាតិ ដែលនោះអាចជាល្បិចកលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចដែលករណីនេះក៏អាចជាជម្រើសដើម្បីការពារឬក្រាញអំណាច។

លោក អេង ឆៃអ៊ាង បានពន្យល់ថា រឿងថាលោកប្រធាន សម រង្ស៊ី ក្លាហានឬកំសាក ក្នុងការចូលស្រុកខ្មែរវិញនោះ មិនសំខាន់សំរាប់គណបក្សសង្គ្រោះជាតិឡើយ។ រឿងដែលសំខាន់ បើលោកប្រធាន សម រង្ស៊ី ចូលមកនាំឲ្យគណបក្សសង្គ្រោះជាតិទទួលជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៨ នោះលោកប្រធាន ដាច់ខាតត្រូវតែចូលទោះជាប់គុកឬបាត់បង់ជីវិតក៏ដោយ ។ តែបើចូលឬមិនទាន់ចូល នាំឲ្យគេយកលេសលើកពេលការបោះឆ្នោតជាតិ ឬរំលាយគណបក្សសង្គ្រោះជាតិ នោះដាច់ខាតមិនត្រូវចូលឡើយ ។

លោក សម រង្ស៊ី នៅថ្ងៃម្សិលមិញបានបញ្ជាក់ពីគោលជំហររបស់លោកជុំវិញការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញថា មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ លោកត្រូវការឲ្យលោក ហ៊ុន សែន បញ្ជាក់ថា គាត់យល់ព្រមបោះបង់គម្រោងរបស់គាត់ដែលចង់កម្ចាត់មនុស្សពី១០០ ទៅ ២០០នាក់ ដើម្បីរក្សាអំណាចរបស់គាត់។ គម្រោងនេះត្រូវបានលោក ហ៊ុន សែន ប្រកាសជាសាធារណៈថ្មីៗនេះ។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ឲ្យដឹងទៀតថា តាំងតែពីឆ្នាំ ១៩៩៧ លោកជាមនុស្សទី១ នៅលើបញ្ជីខ្មៅរបស់លោក ហ៊ុន សែន ហើយលោកក៏ដឹងដែរថា លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា បានរក្សាផ្នត់គំនិត និងទម្លាប់ខ្មែរក្រហម តាំងតែពីលោក ហ៊ុន សែន ធ្វើជាមេទ័ពខ្មែរក្រហមក្រោមរបប ប៉ុល ពត។ លោក សមរង្ស៊ី បានសង្កត់ធ្ងន់ថា លោកមិនខ្លាចនឹងការលះបង់នោះទេ សូម្បីតែជីវិតរបស់លោក តែសំខាន់ការលះបង់នោះអាចជួយជំរុញឲ្យប្រទេសកម្ពុជាដើរលើផ្លូវត្រឹមត្រូវ ឬអាចលុបបំបាត់មេដឹកនាំក្រាញអំណាច ពុករលួយដែលនាំអន្តរាយដល់ប្រទេសជាតិ៕

IMG_2302