លោក សម រង្ស៊ី បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរឈប់ខ្លាចការគំរាមកំហែងរបស់លោក ហ៊ុន សែន ទៀតហើយ

មានកត្តាជាច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗឈប់បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយត្រឡប់មកបោះឆ្នោតគាំទ្រគណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់។ សម្រាប់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា កត្តាដែលសំខាន់មួយដែរនោះ គឺប្រជាពលរដ្ឋខ្មែរឈប់ខ្លាចការគំរាមកំហែងរបស់លោក ហ៊ុន សែន ទៀតហើយ ព្រោះអ្វីដែលប្រជាពលរដ្ឋខ្លាចបំផុតនោះគឺការជ្រើសរើសមេដឹកនាំខុស គឺមានដឹកនាំពុករលួយ បក្ខពួកនិយម និងគ្មានសមត្ថភាព។

លោក សម រង្ស៊ី បានពន្យល់ថា លោក ហ៊ុន សែន មិនអាចដឹកនាំប្រទេសបន្តទៀតទេនៅឆ្នាំ២០១៨ខាងមុខនេះ ព្រោះប្រជាពលរដ្ឋឈប់គាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀតហើយ ដែលបញ្ហានេះក៏ដោយសារតែប្រជាពលរដ្ឋខ្មែរយល់ច្បាស់ពីភាពចាំបាច់នៃការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត។ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានពន្យល់ថា លោក ហ៊ុន សែន គ្មានសមត្ថភាពដឹកនាំប្រទេសឲ្យរីកចម្រើនោះទេ គឺចេះតែគំរាមកំហែង និងប្រើប្រាស់មធ្យោបាយដឹកនាំប្រទេសមិនត្រឹមត្រូវ។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបន្ថែមថា ការគំរាមកំហែងរបស់លោក ហ៊ុន សែន និងបក្ខពួកលែងមានតម្លៃ និងគ្មានឥទ្ធិពលគ្របដណ្តប់លើការសម្រេចចិត្តប្រជាពលរដ្ឋខ្មែរ ព្រោះពលរដ្ឋខ្មែរខ្លាចបំផុតនោះគឺ ភាពក្រីក្រ ភាពអត់ការងារធ្វើ អភិបាលកិច្ចមិនល្អ និងសេដ្ឋកិច្ចទន់ខ្សោយជាដើម ដូច្នេះពួកគាត់ចាំបាច់ត្រូវធ្វើយ៉ាងណាទប់ស្កាត់មិនឲ្យក្រុមលោក ហ៊ុន សែន បន្តដឹកនាំប្រទេសតទៅទៀត។

ថ្មីៗនេះមានការរិះគន់ថា គណបក្សសង្រ្គោះជាតិគ្មានសមត្ថភាពដឹកនាំប្រទេសនោះទេនៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត តែបញ្ហានេះត្រូវបានលោក សម រង្ស៊ី បញ្ជាក់ថា គណបក្សសង្រ្គោះជាតិមានទាំងសមត្ថភាពធនធានមនុស្ស និងភាពស្អាតស្អំ ហើយថាការដែលប្រជាពលរដ្ឋខ្មែរជឿជាក់លើគណបក្សសង្រ្គោះជាតិ គឺជាជម្រើសត្រឹមត្រូវបំផុត ដើម្បីធានាដល់ការផ្លាស់ប្តូរជាវិជ្ជមាននៅប្រទេសកម្ពុជា។

ជុំវិញបញ្ហាខាងលើនេះលោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា គណបក្សសង្រ្គោះជាតិសូមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះប្រជាពលរដ្ឋខ្មែរ ពិសេសមន្រ្តីគ្រប់ជាន់ថ្នាក់ដែលធ្លាប់គាំទ្រគណបក្សប្រជាជនកម្ពុជាគប្បីងាកមកគាំទ្រ និងចូលរួមជាមួយគណបក្សសង្រ្គោះជាតិដើម្បីដឹកនាំប្រទេសឲ្យប្រសើរឡើង៕

IMG_2003