លោក យ៉ែម ហេមរ៉ាត ប្រធានការិយាល័យគយច្រកអូររំដួល កាន់តែល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយ

លោក យ៉ែម ហេមរ៉ាត ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកអូររំដួល ដែលត្រូវថ្នាក់ លើដកបញ្ឈរជើងអស់មួយរយៈនោះ គឺពេលវិលត្រឡប់ទៅកន្លែងដើមវិញក៏ចាប់ផ្តើបប្រព្រឹត្ត អំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនា យកដ្ឋានគយចាំជួយការពារគ្រប់ពេលវេលា។ ប្រភពពីសមត្ថកិច្ចតូចតាចនៅច្រកអូររំដួល បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះលោក យ៉ែម ហេមរ៉ាត បានឃុបឃិតបើកដៃឲ្យ ឈ្មួញជាច្រើននាក់នាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ចូលតាមច្រកអូររំដួលយ៉ាង ពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រការនេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធ កាន់តែច្រើនជាងមុនទៅទៀត ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករមិនគួរបណ្តែត បណ្តោយតទៅទៀតឡើយ។

ប្រភពពីមន្ត្រីតូចតាចនៅច្រកអូររំដួលបានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញនាំចូល តាមច្រកនេះមានដូចជា គ្រឿងបន្លាស់រថយន្ត គ្រឿងបន្លាស់ម៉ូតូ សំបកកង់រថយន្តនិងម៉ូតូ ព្រមទាំងទំនិញជាច្រើនប្រភេទទៀតដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់។ ប៉ុន្តែលោក យ៉ែម ហេមរ៉ាត បានឃុបឃិតជាមួយឈ្មួញក្នុងការបន្លំប្រភេទទំនិញ ដោយដាក់ក្នុងឯកសារថាជា ទំនិញចម្រុះដែលត្រូវបង់ពន្ធក្នុងកម្រិតទាប ហើយបង់ពន្ធត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះត្រូវធ្លាក់ក្នុងហោប៉ៅលោក យ៉ែម ហេមរ៉ាត និងបក្ខពួកមួយក្តាប់តូច។ តាមរយៈអំពើ ពុករលួយបែបនេះលោក យ៉ែម ហេមរ៉ាត អាចប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង មួយខែៗ ព្រោះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បាន រក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ទង្វើមិនប្រក្រតីរបស់លោក យ៉ែម ហេមរ៉ាត ដែលជាអំពើពុករលួយយ៉ាងច្បាច់ក្រឡែត នោះគឺការបើកដៃឲ្យឈ្មួញមួយចំនួនដឹកទំនិញតាមរថយន្តធំៗពីទឹកដីសៀមចូលទឹកដីខ្មែរនៅវេលាម៉ោង៣ឬម៉ោង៤ទៀបភ្លឺ ដែលជាអំពើខុសច្បាប់ទាំងស្រុងហើយទំនិញទាំងនោះអាចជា ទំនិញគេចពន្ធទៀតផង។ មន្ត្រីតូចតាចនៅច្រកអូររំដួលបានបញ្ជាក់ថា ជាធម្មតាទាំងនៅច្រក តំបន់ ច្រកទ្វេភាគីឬច្រកទ្វារអន្តរជាតិ ត្រូវបើកនៅម៉ោង៧ព្រឹកនិងបិទនៅម៉ោង៦ល្ងាច ដូច្នេះ ការដែលលោក យ៉ែម ហេមរ៉ាត បើកដៃច្រកឲ្យឈ្មួញនាំចូលទំនិញនៅម៉ោង៣ឬម៉ោង៤ទៀប ភ្លឺគឺជាការឃុបឃិតប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន។ មានការរិគន់ចំៗថា បើគ្មានការឃុប ឃិតពីមេគយធំៗនៅខាងលើទេនោះគឺលោក យ៉ែម ហេមរ៉ាត ប្រធានការិយាល័យគយច្រក អូររំដួល ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មិនហ៊ានបើកដៃឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះឡើយ៕

លោក យ៉ែម ហេមរ៉ាត មេគយច្រកអូររំដួល

លោក យ៉ែម ហេមរ៉ាត មេគយច្រកអូររំដួល

IMG_2326 IMG_2325