លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មើលរំលងអំពើពុករលួយរបស់មេរដ្ឋបាលព្រៃឈើខេត្តសៀមរាប

ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើតូចតាចក្នុងខេត្តសៀមរាប បានរាយការណ៍ជាបន្តបន្ទាប់ពីទង្វើមិនប្រក្រតីរបស់លោក ម៉ុង ប៊ុនលីម ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដែលឃុបឃិតបើកដៃឲ្យឈ្មួញជាច្រើននាក់បន្តដឹកជញ្ជូនឈើពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារចូលមកចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប កាន់តែច្រើនឡើងៗ។ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប ក៏បានឲ្យដឹងដែរថាលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប មិនដែលចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងតែកើតឡើងយ៉ាងរាលដាលនោះទេ ផ្ទុយទៅវិញលោក ម៉ុង ប៊ុនលីម កំពុងសម្ងំប្រមូលលុយពីបទល្មើសព្រៃឈើយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ បញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រហែលជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ទើបធ្វើជាមើលរំលង ហើយបណ្តោយឲ្យលោក ម៉ុង ប៊ុនលីម និងបក្ខពួកបន្តឃុបឃិតគ្នាបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចូលក្រុងសៀមរាប តាមអំពើចិត្តទាំងថ្ងៃទាំងយប់។

ប្រភពពីសមត្ថកិច្ចក្នុងខេត្តសៀមរាប បានបញ្ជាក់ថាក្នុងចំណោមឈ្មួញដែលដឹកជញ្ជូនឈើចូលមកចែកចាយតាមដេប៉ូ និងសិប្បកម្មកែច្នៃឈើក្នុងក្រុងសៀមរាប ច្រើនជាងគេគឺឈ្មួញឈ្មោះ ធឹង លាងស្រេង កំពុងល្បីល្បាញយ៉ាងខ្លាំងព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះឡើយ។ សមត្ថកិច្ចតូចតាចក្នុងខេត្តសៀមរាប បានឲ្យដឹងថាមួយរយៈកន្លងទៅនេះឈ្មួញឈ្មោះ ធឹង លាងស្រេង ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ មកចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប មិនតិចជាង១០០រថយន្តធំៗនោះទេ។ ប្រភពបានឲ្យដឹងថាការដែលឈ្មួញ ធឹង លាងស្រេង អាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលមកក្រុងសៀមរាប យ៉ាងពេញបន្ទុកគឺមានការឃុបឃិតពីលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដែលគិតតែពីរឿងប្រមូលលុយ។

មន្ត្រីរាជការក្នុងខេត្តសៀមរាប បានរិះគន់ថាលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប អាចជាអ្នកនៅពីក្រោយខ្នងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ទើបកន្លងមកលោក ទា គឹមសុទ្ធ មិនដែលចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តសៀមរាប ឡើយហើយបណ្តោយឲ្យលោក ម៉ុង ប៊ុនលីម ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ហេតុនេះហើយទើបឈ្មួញ ធឹង លាងស្រេង អាចបន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ យកមកចែកចាយតាមដេប៉ូលក់ឈើនិងតាមរោងសិប្បកម្មកែច្នៃឈើច្រើនកន្លែងនៅក្នុងក្រុងសៀមរាប យ៉ាងរលូន។ ជុំវិញបញ្ហាខាងលើនេះប្រសិនបើលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មគួរមិនជាប់ពាក់ព័ន្ធនឹងការទទួល ផល ប្រយោជន៍ទេនោះ គួរតែទប់ស្កាត់អំពើពុករលួយរបស់ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តសៀមរាបខ្លះផងព្រោះពួកគេកំពុងឃុបឃិតឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចូលក្រុង សៀមរាបយ៉ាងពេញបន្ទុក៕

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

IMG_2329 IMG_2328