ឈ្មួញ គួយ សុឃុន អាងមានអភិបាលខេត្តមណ្ឌលគិរី ជាខ្នងបង្អែកប្រមូលទិញឈើ ទុកឲ្យឈ្មួញដឹកជញ្ជូនចេញទៅស្រុកយួន

ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាករណី សមត្ថកិច្ចចម្រុះចុះឆែកឆេរកន្លែងស្តុកឈើរបស់ឈ្មួញឈ្មោះ គួយ សុឃុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ គ្រាន់តែជារឿងលេងសើចឥតប្រយោជន៍ព្រោះអីគ្មាននរណាហ៊ានប៉ះ ពាល់ឈ្មួញ គួយ សុឃុន ដែលមានខ្នងបង្អែកយ៉ាងរឹងមាំនោះទេ។ ដោយហេតុថាឈ្មួញឈើ ឈ្មោះ គួយ សុឃុន គឺជាប្អូនប្រុសបង្កើតរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាមន្ត្រីនគរបាលខេត្តមណ្ឌលគិរី ផងដែរដូច្នេះហើយទើបឈ្មួញរូបនេះនៅតែអាចប្រមូល ទិញឈើប្រណីតនិងឈើប្រភេទលេខ១ ទុកលក់ឲ្យឈ្មួញយួនដឹកជញ្ជូនចេញតាមច្រកដាក់ ដាំនិងច្រករបងកង់ឡង់ ក៏ដូចជាច្រកផ្សេងៗទៀតដោយគ្មានការរំខានពីមន្ត្រីជំនាញនិងសមត្ថ កិច្ចពាក់ព័ន្ធ។

មន្ត្រីនគរបាលតូចតាចក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថាមន្ត្រីជំនាញនិងសមត្ថិច្ច ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនហ៊ានប៉ះពាល់ឈ្មួញឈើឈ្មោះ គួយ សុឃុន និងបក្ខពួកជា ច្រើននាក់ នោះទេព្រោះពួកគេខ្លាចឥទ្ធិពលលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលជាបងប្រុសបង្កើតរបស់ឈ្មួញរូបនេះ។ ដូច្នេះហើយហើយទើបថ្មីៗនេះឈ្មួញ គួយ សុឃុន អាចប្រមូលទិញឈើក្នុងតម្លៃជិត១០ម៉ឺនដុល្លារទុកលក់ឲ្យឈ្មួញយួននាំចេញតាម ច្រកដាក់ដាំ ច្រករបៀងកង់ឡង់ ច្រកកោះញែក ប៉ុស្តិ៍៧ និងប៉ុស្តិ៍កែវសីមា។ ប្រជាពលរដ្ឋបាន រិះគន់ថាការឆែកឆេរទីតាំស្តុកឈើ២កន្លែងរបស់ឈ្នួញ គួយ សុឃុន នៅក្នុងភូមិពូត្រុំ សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ គឺជារឿង ឥតន័យព្រោះអីឈ្មួញរូបនេះនៅតែអាចគេចផុតពីសំណាញ់ច្បាប់ដដែល។

ឥឡូវនេះមានការអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ជាតិ ចាត់វិធានការពិនិត្យមើលទង្វើមិនប្រក្រតីរបស់មន្ត្រីនគរបាលជាឈ្មួញឈើឈ្មោះ គួយ សុឃុន និង លោក យ៉ូ សុធា ដែលជាមេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាបន្ទាន់។ លោក យ៉ូ សុធា មេនគរបាលអន្តោប្រវេសន៍ប្រចាំច្រកដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនេះត្រូវបានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកអូររាំង រិះគន់ថាជាអ្នកបើកដៃឲ្យឈ្មួញ គួយ សុឃុន និងឈ្មួញជាច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថាប្រសិនបើលោក យ៉ូ សុធា និង សមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន ដើម្បីជាថ្នូរនឹងផលប្រយោជន៍ទេនោះគឺឈ្មួញមិនអាចដឹកជញ្ជូនឈើចេញតាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ បានតាមអំពើចិត្តឡើយ។

ប្រភពពីសមត្ថកិច្ចនគរបាលក្នុងស្រុកអូររាំង បានឲ្យដឹងថាមួយរយៈពេលចុងក្រោយ នេះមន្ត្រីនគរបាលឈ្មោះគួយ សុឃុន ដែលជាមន្ត្រីនគរបាលខេត្តមណ្ឌលគិរី និងជាប្អូនប្រុស លោក ស្វាយ សំអ៊ាង អភិបាលខត្តមណ្ឌលគិរី នៅតែធ្វើសកម្មភាពប្រមូលទិញឈើទុកឲ្យ ឈ្មួញយួនដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកដាក់ដាំនិងច្រករបៀងកង់ឡង់ ក៏ដូចជាច្រក ផ្សេងៗទៀតយ៉ាងងងើល។ ប្រភពបានឲ្យដឹងទៀតថា ឈើទាំងនោះត្រូវគេដឹកចេញពីតំបន់ព្រៃការពារ ព្រៃអភិរក្ស និងតំបន់ដែនជម្រកសត្វព្រៃតាមបណ្តាស្រុកនានាក្នុងខេត្តមណ្ឌលគិរី ហើយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាបឈ្មួញ គួយ សុឃុន ឡើយព្រោះ ឈ្មួញរូបនេះមានខ្នង បង្អែកយ៉ាងរឹងមាំ។ សូម្បីតែលោក តូច យ៉ុន ស្នងការនគរបាលខេត្ត មណ្ឌលគិរី ក៏ត្រូវគេសង្ស័យថាជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញឈ្មោះ គួយ សុឃុន ធ្វើអ្វីៗ តាមអំពើចិត្តដែរ ក្នុងខណៈឈ្មួញ គួយ សុឃុន ប្រើស្បែកជាមន្ត្រីនគរបាលហើយប្រកប របរជាឈ្មួញឈើដ៏ធំនៅក្នុងខេត្តមណ្ឌលគិរី៕

IMG_2330 IMG_2332 IMG_2331