លោក កឹម សុខា បញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនីមួយៗ អាស្រ័យលើកត្ដាសំខាន់៤

នៅចុងសប្តាហ៍នេះប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនីមួយៗ អាស្រ័យលើកត្ដាសំខាន់ ៤ ហើយកត្តាទាំងនោះត្រូវបានគណបក្សសង្រ្គោះជាតិ និងអ្នកគាំទ្រយកមកអនុវត្តន៍ជាបន្តបន្ទាប់យ៉ាងខ្ជាប់ខ្ជួន។ ទន្ទឹមនឹងនេះ កត្តាសំខាន់ទាំង៤នោះ ក៏នឹងត្រូវយកទៅអនុវត្តន៍បន្តទៀតដើម្បីមានប្រៀបឈ្នះក្នុងដំណើរការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខនេះ។

លោក កឹម សុខា បានពន្យល់ថា លទ្ធផលនៃការបោះឆ្នោតនីមួយៗ អាស្រ័យលើកត្ដាសំខាន់ ៤គឺ៖ ទី១-កត្ដាខ្លួនយើង ទី២-កត្ដាគូប្រកួត ទី៣-កត្ដាបរិយាកាសខាងក្រៅ ដូចជា គ ជ ប ជាដើម និងទី៤-កត្ដាប្រជាពលរដ្ឋផ្ទាល់តែម្ដង។ កត្តាទាំងនេះ មន្រ្តីគណបក្សសង្រ្គោះជាតិគ្រប់ជាន់ថ្នាក់ត្រូវយល់ឲ្យច្បាស់ហើយយកវាទៅអនុវត្តន៍ឲ្យស្របតាមគោលដៅជាយុទ្ធសាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ទើបទទួលបានជោគជ័យ។

តាមការយល់ឃើញរបស់លោក កឹម សុខា ទោះបីមានកត្ដាទាំង៤សុទ្ធតែសំខាន់ក៏ដោយ ក៏ កត្ដា ប្រជាពលរដ្ឋ គឺជាកត្ដាសំខាន់ និងមានឥទ្ធិពលជាងគេបំផុត។ អាស្រ័យហេតុនេះ លោក កឹម សុខា បានស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សកម្មជន ពិសេសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំចៅសង្កាត់គណបក្សសង្គ្រោះជាតិ ត្រូវផ្ដល់អាទិភាព គឺការយកចិត្តទុកដាក់ទៅ លើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
រៀងៗខ្លួន។

កន្លងមកថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានថ្លែងសារនយោបាយជាបន្តបន្ទាប់ថា គណបក្សសង្រ្គោះជាតិរឹងមាំ និងមានភាពជោគជ័យរហូតដល់សព្វថ្ងៃនេះក៏ដោយសារតែគណបក្សសង្រ្គោះជាតិមានធនធានគ្រប់គ្រាន់សម្បូរបែប ពិសេសធនធានមនុស្សដែលនាំឲ្យគណបក្សសង្រ្គោះជាតិមានគោលនយោបាយ សារនយោបាយ ពិសេសនោះយុទ្ធសាស្រ្តនយោបាយដើម្បីមានប្រៀបឈ្នះក្នុងដំណើរការបោះឆ្នោត៕

IMG_2336