ល្បែងស៊ីសង​រាលដាល​ពេញបន្ទុក​ក្នុង​ទឹកដី​ខណ្ឌចំការមន មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មិន​បង្ក្រាប​

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​បឹងត្របែក និង​សង្កាត់​មួយចំនួន​ក្នុង​ខណ្ឌចំការមន បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដូចជា កន្ទុយលេខ ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​ហ្គេម​បាញ់​ត្រី​ជាដើម កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា អភិបាលខណ្ឌ​ចំការមន ក៏ដូចជា​អធិការនគរបាល​ខណ្ឌ​ចំការមន មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ ហេតុនេះហើយ​ទើប​បទល្មើស​ផ្សេងៗ ជាពិសេស​អំពើចោរកម្ម​លួច​ឆក់​ប្លន់​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​។ ដូច្នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរពិនិត្យមើល​បញ្ហា​នេះ​ផង​ព្រោះ​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដែល​រាលដាល​កាន់តែខ្លាំង​នោះទេ​។

​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​បឹងត្របែក បាន​ឲ្យ​ដឹងថា ហ្គេម​បាញ់​ត្រី​មួយកន្លែង​នៅក្នុង​ទីតាំង​ហាង​កាហ្វេ​យីហោ​ម្លប់​ស្វាយ​777 នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ បណ្ដោយ​មាត់​លូទឹកស្អុយ សង្កាត់​បឹងត្របែក ខាងត្បូង​ផ្សារ​បឹងត្របែក​កំពុងបើក​លេង​ទាំងយប់​ទាំង​ថ្ងៃ​។ បើទោះបី​ហ្គេម​បាញ់​ត្រី​មួយកន្លែង​នេះ​បង្ក​ភាពអនាធិបតេយ្យ​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​អាជ្ញាធរ​សង្កាត់​បឹងត្របែក និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​បឹងត្របែក មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ ដែល​ទំនងជា​ខ្លាច​ឥទ្ធិពល​អ្នកបើក​ល្បែងស៊ីសង​នោះ​។ ម្យ៉ាងទៀត​អាចមាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខណ្ឌចំការមន​ជា​ប្រព័ន្ធ ទើប​ទីតាំង​ហ្គេម​បាញ់​ត្រី​នោះ​នៅតែ​ដំណើរការ​យ៉ាង​រលូន ហើយ​លោក ព្រុំ សំខាន់ អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​។

តាម​ការបញ្ជាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​បឹងត្របែក បាន​ឲ្យ​ដឹងថា ទីតាំង​ហ្គេម​បាញ់​ត្រី​នោះ​កំពុងដំណើរការ​យ៉ាង​អនាធិបតេយ្យ ហើយ​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​សង្កាត់​បឹងត្របែក ជាពិសេស​អំពើចោរកម្ម​លួច​ឆក់​ប្លន់​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ខណ្ឌចំការមន​ជាបន្ទាន់​។ ដោយហេតុថា​បច្ចុប្បន្ននេះ​នៅក្នុង​ទឹកដី​ខណ្ឌចំការមន មិន​ត្រឹមតែ​ក្នុង​សង្កាត់​បឹងត្របែក​ប៉ុណ្ណោះ​ទេ ដែល​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ គឺ​នៅក្នុង​សង្កាត់​ទំនប់ទឹក សង្កាត់​ទួល​ទំពូង​ទី​១ និង​បណ្ដា​សង្កាត់​មួយចំនួនទៀត​ក៏មាន​ល្បែងស៊ីសង​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​ដែរ​៕

177លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ
22490172_1559933924099303_6159854645672841875_n 22382207_1559934004099295_3243536234501681803_o 22426166_1559933964099299_2822439544705174117_o