បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​

គម្រោង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច ក្នុងការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​ក្នុងប្រទេស​កម្ពុជា កំពុង​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយចំនួន​តាមដាន​ដោយ​យកចិត្តទុកដាក់​។ ជាក់ស្ដែង​ប្រទេស​ស៊ុយអែត​(Sweden) ដែលជា​ប្រទេស​ផ្ដល់ជំនួយ​ផ្នែក​សិទ្ធិមនុស្ស​ដ៏​ធំ​សម្រាប់​កម្ពុជា បាន​ព្រមាន​ថា​នឹង​ពិចារណា​ឡើងវិញ​ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​មែន​នោះ​។​

​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ ឯកអគ្គ​រាជ​ទូ​ត៊​ស៊ុយអែត ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ លោកស្រី អេ​ន​នី​កា បេន​ដេវីដ​(Annika Ben David) បាន​សម្ដែង​សេចក្ដី​បារម្ភ​នៅពេល​មើលឃើញ​ផ្នែក​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ដើរ​ថយក្រោយ​យ៉ាងខ្លាំង​។ លោកស្រី អេ​ន​នី​កា បេន​ដេវីដ បាន​ប្រាប់​អ្នកសារព័ត៌មាន​អំពី​សេចក្ដី​ព្រួយបារម្ភ​របស់លោក​ស្រី​នៅក្នុង​និវេសនដ្ឋាន​ឬ​ផ្ទះ​របស់​អគ្គរាជទូត​ស៊ុយអែត នៅក្នុង​រាជធានី​ភ្នំពេញ​។

លោកស្រី អេ​ន​នី​កា បេន​ដេវីដ បាន​បញ្ជាក់ថា ដំណើរ​ទស្សនៈកិច្ច​រប​ស់លោក​ស្រី​គឺ​ក្រោយពេល​រដ្ឋាភិបាល​ស៊ុយអែត មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​ការគោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​នៅពេល​បច្ចុប្បន្ន ដែល​បាន​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ ការបិទ​សេរីភាព​បញ្ចេញមតិ​របស់​សង្គម​ស៊ីវិល ការចាប់ខ្លួន​មេបក្ស​ប្រឆាំង និង​គម្រោង​រំលាយ​គណបក្សប្រឆាំង​។ លោកស្រី អេ​ន​នី​កា បេន​ដេវីដ បាន​ជួប​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​២​រូប គឺ​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ហើយ​លោកស្រី​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពី​សេចក្ដី​ព្រួយបារម្ភ​របស់លោក​ស្រី ចំពោះ​ការអនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា​ដោយ​ច្បាប់​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សម្ដៅ​ទៅលើ​ក្រុម​គោលដៅ​ណាមួយ​។

​លោកស្រី អេ​ន​នី​កា បេន​ដេវីដ បាន​លើកឡើងថា​លោកស្រី​ចង់ឃើញ​ស្ថានភាព​នៅ​កម្ពុជា​បាន​វិលត្រឡប់​ទៅរក​សភាព​ដើម​វិញ ដែល​បើក​ឲ្យ​សារព័ត៌មាន​និង​សង្គម​ស៊ីវិល​មាន​សេរីភាព​ពេញលេញ​ក្នុងការ​បញ្ចេញមតិ និង​គ្មាន​ការដាក់​គំនាប​ទៅលើ​គណបក្សប្រឆាំង​។ លោកស្រី​បានបញ្ជាក់​ទៀតថា គម្រោង​រំលាយ​គណបក្សប្រឆាំង​គឺជា​ការជ្រើសរើស​ផ្លូវខុស ហើយ​ថា​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ក​ម្ពុ​ជា គឺ​ក្នុងន័យ​មិត្តភាព​មិនមាន​បំណង​អ្វី​ក្រៅពី​ជំរុញ​ឲ្យ​សភាពការណ៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិល​ទៅរក​សភាព​ដើម​នោះទេ​។

ចំណុច​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោកស្រី អេ​ន​នី​កា បេន​ដេវីដ បាន​បញ្ជាក់ថា​«​ជម្រើស​ការដក​ទូត​មិនមែនជា​ជម្រើស​ល្អ​នោះទេ តែ​យ៉ាងណា​រដ្ឋាភិបាល​ស៊ុយអែត និង​ព្យាយាម​ធ្វើ​អ្វី​បន្ថែមទៀត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ ចំពោះ​ការដាក់​សម្ពាធ​ឬ​ផ្ដាច់ជំនួយ​ផ្នែក​សិទ្ធិមនុស្ស​វិញ គឺ​លោកស្រី​មិន​ចង់​បញ្ជាក់​លំអិត​នោះទេ​ដោយ​រង់ចាំ​ការសម្រេច​ពី​រដ្ឋាភិបាល​ស៊ុយអែត​»​។ ជាងនេះទៅទៀត​លោកស្រី អេ​ន​នី​កា បេន​ដេវីដ អគ្គរាជទូត​សិទ្ធិមនុស្ស​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៃ​ប្រទេស​ស៊ុយអែត បាន​បញ្ជាក់ថា​ប្រទេស​ស៊ុយអែត គឺជា​ដៃគូ​របស់​ប្រទេស​នៅក្នុង​សហភាព​អឺរ៉ុប​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ហើយ​សម្រាប់​ផ្នែក​ឧស្សាហកម្ម​វិញ​គឺ​ស៊ុយអែត មាន​រោងចក្រ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕

22657425_375547509532882_510817170_nលោកស្រី អេ​ន​នី​កា បេន​ដេវីដ​(Annika Ben David) 22686892_375547566199543_147509843_n