សហភាព​អឺរ៉ុប​កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា

​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា ដែល​កំពុង​អាប់អួ​ខ្លាំង​រហូតដល់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​ពន្ធនាគារ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​គម្រោង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ កំពុង​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​តាមដាន​ដោយ​យកចិត្តទុកដាក់​។ ថ្មីៗ​នេះ​មន្ត្រី​ក្នុង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​សហភាព​អឺរ៉ុប​បាន​លើកឡើងថា សហភាព​អឺរ៉ុប​ត្រូវតែ​ចាត់វិធានការ​តប​ឲ្យ​បាន​ឆាប់ និង​ជាក់ស្ដែង​ដើម្បី​ទប់ទល់​ទៅនឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្សប្រឆាំង​។

កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ សមាជិកសភា​អឺរ៉ុប និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​សហភាព​អឺរ៉ុប​លោកស្រី បា​បា​រ៉ា ឡុ​ច​ប៊ី​ល័​រ (Barbara Lochbihler) បាន​ថ្លែងថា​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​ដោយផ្ទាល់ ឬ​អាច​ឈានដល់​ការឈប់​លើកលែង​ការអនុគ្រោះ​សម្រាប់​ការនាំ​ទំនិញ​កម្ពុជា​ចូល​ទីផ្សារ​ដ៏​ធំ​របស់​សហភាព​អឺរ៉ុប​ទៀតផង​។ លោកស្រី បា​បា​រ៉ា ឡុ​ច​ប៊ី​ល័​រ បាន​បញ្ជាក់ថា សហភាព​អឺរ៉ុប​ចាំបាច់​ត្រូវតែ​បញ្ចេញ​ប្រតិកម្ម​តប​ឲ្យ​បាន​ឆាប់​ទៅនឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​តែមួយគត់​នៅ​កម្ពុជា​។

លោកស្រី បា​បា​រ៉ា ឡុ​ច​ប៊ី​ល័​រ បានលើកឡើង​ទៀតថា ប្រទេស​កម្ពុជា​កុំ​ឲ្យ​អាង​តែ​ខ្លួន​ពឹង​ចិន ហើយ​មិន​ខ្វល់​ពី​សហភាព​អឺរ៉ុប ព្រោះ​សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំ​ទំនិញ​ចេញ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា ដូច្នេះ​ប្រសិនបើ​សហភាព​អឺរ៉ុប​អាច​ចាត់​ការដាក់​ឲ្យ​ចំ​គោលដៅ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន នោះ​ច្បាស់​ជា​ឆាប់​ទទួលបាន​លទ្ធផល​។ ទាក់ទង​នឹង​បញ្ហា​នេះដែរ បើតាម​ប្រភព​ទិន្នន័យ​ពី​គេហទំព័រ​របស់​គណៈកម្មកា​រ​អឺរ៉ុប​បាន​បង្ហាញថា ប្រទេស​កម្ពុជា​នាំ​ទំនិញ​ចូលទៅ​សហភាព​អឺរ៉ុប​គិត​ជា​ទឹកប្រាក់​ជិត​៥០០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ដែល​ភាគច្រើន​នៃ​ទំនិញ​នាំចេញ​ទាំងនោះ គឺ​ផលិតផល​កាត់ដេរ​។

​សូម​បញ្ជាក់ដែរថា ប្រតិកម្ម​របស់លោក​ស្រី បា​បា​រ៉ា ឡុ​ច​ប៊ី​ល័​រ សមាជិកសភា​អឺរ៉ុប​និង​ជា​អនុប្រធាន អនុគណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អឺរ៉ុប បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​រដ្ឋាភិបាល​ស៊ុយអែត ដែលជា​ប្រទេស​ផ្ដល់ជំនួយ​ផ្នែក​សិទ្ធិមនុស្ស​ដ៏​ធំ​របស់​កម្ពុជា បាន​ព្រមាន​ថា នឹង​ពិចារណា​ឡើងវិញ​ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ត្រូវបាន​រំលាយ​។ ហេតុនេះហើយ​ទើប​អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​វាយតម្លៃថា សហភាព​អឺរ៉ុប​តាមដាន​ដោយ​យកចិត្តទុកដាក់​ទៅលើ​ស្ថានការណ៍​នយោបាយ និង​បញ្ហា​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច​មិនអាច​បិទបាំង​ការពិត​បានទេ​៕

images 7A4B98AD-06D2-4192-A1C2-71C5FC520A91_w1023_r1_s