រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រឈមមុខ​ជាមួយ​សហភាព​អន្តរ​សភា​(IPU)

ឥឡូវនេះ​សហភាព​អន្តរ​សភា​(IPU) តំណាង​ឲ្យ​រដ្ឋសភា​មកពី​បណ្ដា​ប្រទេស​១៧៣​ទូទាំង​ពិភពលោក បានអនុម័ត​សេចក្ដីសម្រេច​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​យ៉ាងខ្លាំង​ក្លា​ដោយសារតែ​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​ធ្វើទុក្ខបុកម្នេញ​ឥតឈប់ឈរ​ទៅលើ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ធំជាងគេ​មួយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​។ សហភាព​អន្តរ​សភា​ហៅ​កាត់​ថា​(IPU) បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការកើនឡើង​នៃ​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​មកលើ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅ​ប្រទេស​កម្ពុជា​។ ជាពិសេស​កង្វះ​នូវ​ការឆ្លើយតប​ច្បាស់លាស់​និង​គួរ​ឲ្យ​ទុកចិត្តបាន​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា និង​គណៈប្រតិភូ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​សន្និបាត​លើក​ទី​១៣៧ ចំពោះ​ករណី​ដែល​រដ្ឋាភិបាល​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅមុន​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​។​

សូមបញ្ជាក់ថា ឆ្លើយតប​នឹង​សំណួរ​របស់​ប្រធាន​សហភាព​អន្តរ​សភា​(IPU) លោក សា​បឺ ហ៊ូ​សេន ចូ​វ​ដូ​រី (Saber Hossain Chowdhury) ជុំវិញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា គឺ​លោក យ៉ង់ សែម សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាង​គណៈប្រតិភូ​កម្ពុជា​ដែល​ចូលរួម​ក្នុង​សន្និបាត​លើក​ទី​១៣៧ បានផ្ដល់​ចម្លើយ​មិន​ច្បាស់លាស់ ហេតុនេះហើយ​ទើប​សហភាព​អន្តរ​សភា​(IPU) កំពុង​សម្រេច​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ពេញបន្ទុក​។ ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រឈមមុខ​យ៉ាងខ្លាំង​ជាមួយ​សហភាព​អន្តរ​សភា​(IPU)​។​

នៅក្នុង​សេចក្ដីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស គឺ​សមាជិកសភា​របស់​សហ​ភាព​អន្តរ​សភា​(IPU) ដែល​បានអនុម័ត​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ នៅមុន​ពេល​បិទ​បញ្ចប់​សន្និបាត​សហភាព​អន្តរ​សភា​(IPU)​លើក​ទី​១៣៧ ធ្វើឡើង​នៅ​ក្រុង​សេន​ភី​ធឺ​បឺ​ក ប្រទេស​រុស្ស៊ី បាន​បញ្ជាក់ថា ចម្លើយ​ផ្ដល់​ដោយ​គណៈប្រតិភូ​កម្ពុជា ជា​ចម្លើយ​មិន​ច្បាស់លាស់ និង​មិនអាច​ជឿ​បាន​។ សហភាព​អន្តរ​សភា​(IPU) បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ជាបន្ទាន់​រាល់​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​នានា​មកលើ​ក្រុម​សមាជិក​តំណាងរាស្ត្រ​គណបក្សប្រឆាំង​។ សហភាព​អន្តរ​សភា​(IPU) ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​នានា ព្រមទាំង​ផ្ដល់នូវ​ការធានា​សមស្រប​គ្រប់បែបយ៉ាង​ដើម្បី​ធានាថា ក្រុម​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស​អាច​វិល​ប្រ​ឡប់​មក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព និង​ពុំមាន​ការពន្យារ​ពេលណា​មួយ​ឡើយ​ដើម្បី​ឲ្យ​ពួកគេ​អាច​បន្តសកម្មភាព​នយោបាយ​របស់ខ្លួន​ក្នុងខណៈ​បក្ស​សង្គ្រោះ​ជាតិ​។

ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​សហភាព​អន្តរ​សភា​(IPU) បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​និង​ទម្លាក់ចោល​រាល់​បទចោទប្រកាន់​នានា​ជាបន្ទាន់​មកលើ​រូបលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​លោក កឹម សុខា អាចបំពេញ​មុខងារ​ជា​អ្នកតំណាងរាស្ត្រ​និង​ជា​ប្រធាន​គណបក្សប្រឆាំង​ដោយ​មិនត្រូវ​មានការ​ពន្យារពេល​និង​រឹតត្បិត​ណាមួយ​ឡើយ​។ សេចក្ដីសម្រេច​របស់​ស​ហ​ភាព​អន្តរ​សភា​(IPU) បានស្នើ​ឲ្យ​អគ្គលេខាធិការ​របស់ខ្លួន​ចាត់វិធានការ​សមស្រប​គ្រប់បែបយ៉ាង ដើម្បី​រៀបចំ​ឲ្យ​មាននូវ​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត​ដឹកនាំ​ដោយ​គណៈប្រតិភូ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស អ្នកតំណាងរាស្ត្រ​របស់​សហភាព​អន្តរ​សភា​(IPU) មកកាន់​ប្រទេស​កម្ពុជា ដើម្បី​អាច​ឲ្យ​គណៈប្រតិភូ​នេះ​ចូលជួប​សួរសុខទុក្ខ​ជាមួយ​លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​ដោយផ្ទាល់​។ ជាងនេះទៅទៀត​សហភាព​អន្តរ​សភា​(IPU) អំពាវនាវ​ឲ្យ​រដ្ឋសភា​កម្ពុជា​សម្របសម្រួល​ទស្សនកិច្ច​នេះ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក កឹម សុខា ហើយ​ទម្លាក់ចោល​បទចោទប្រកាន់​នានា​ប្រឆាំងនឹង​លោក​៕

0416ff93-352f-49c5-a46c-da99626d3270_w1023_r1_s image 22490009_10210414800589454_2246830983084266861_n Capture-2