មន្ត្រី​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​រិះគន់​ខ្លាំងៗ​ទៅលើ​ទង្វើ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​

​លោក ប្រេដ អាដាម នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch) ថ្មីៗ​នេះ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ទង្វើ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ប្រេដ អាដាម បាន​លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹមតែ​កំពុង​គាបសង្កត់​និង​ធ្វើបាប​បក្សប្រឆាំង ព្រមទាំង​សង្គម​ស៊ីវិល​ប៉ុណ្ណោះ​ទេ គឺ​គាត់​កំពុង​ធ្វើ​ឲ្យ​ខ្លួនឯង​និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​របស់គាត់​ឲ្យ​ស្ថិតនៅក្នុង​ហានិភ័យ​ផងដែរ​។ លោក ប្រេដ អាដាម បានលើកឡើង​ទៀតថា សហគមន៍​អន្តរជាតិ​និង​ពលរដ្ឋ​ខ្មែរ​នឹងមិន​នៅ​ស្ងៀម​ឱបដៃ​មើល​លោក ហ៊ុន សែន ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​អំពើ​ចិត្ត​នោះទេ​។

​ជុំវិញ​ព្រឹត្តិការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន លោក ប្រេដ អាដាម បាន​កត់សម្គាល់ថា​«​លោក ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋប្រហារ​តាម​វិធី​ត្រជាក់​។ កាលពី​ឆ្នាំ​១៩៩៧ គាត់​ធ្វើ​រដ្ឋប្រហារ​តាម​វិធី​ក្ដៅ ជា​រដ្ឋប្រហារ​យោធា​ដែល​នៅពេលនោះ​លោក ហ៊ុន សែន បានសម្លាប់​មនុស្ស​ច្រើនណាស់​។ អ្នក​ដែល​ត្រូវបាន​ស្លាប់​ជា​មនុស្ស​របស់​គណបក្ស​ប្រឆាំង និង​ជា​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​មនុស្ស​ជាច្រើន​រួមទាំង​តំណាងរាស្ត្រ​មាន​លោក កឹម សុខា ផង​បាន​បង្ខំចិត្ត​រត់ចេញ​ទៅ​ក្រៅប្រទេស​នៅពេលនោះ​»​។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រេដ អាដាម បានបញ្ជាក់​ទៀតថា​«​ឥឡូវនេះ​គាត់​ធ្វើ​រដ្ឋប្រហារ​តាមបែប​ត្រជាក់​វិញ គឺ​គាត់​មិន​ប្រើ​ហិង្សា​ទេ​ប៉ុន្តែ​គាត់​កំពុង​ប្រើប្រាស់​ស្ថាប័នរដ្ឋ​ទាំងអស់​ដើម្បី​កម្ទេច​រដ្ឋធម្មនុញ្ញ​បំផ្លាញ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បំផ្លាញ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៨ និង​បំផ្លាញ​លទ្ធផល​បោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​។ ដូច្នេះ​ទាំង​តំណែង​តំណាងរាស្ត្រ​និង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​នោះ និង​ត្រូវគេ​ដកហូត​ប្រសិនបើ​គណបក្សប្រឆាំង​មួយ​នេះ​ត្រូវបាន​រំលាយ​។ នៅពេលនោះ​វា​មិនមែន​ប៉ះពាល់​ត្រឹមតែ​តំណាងរាស្ត្រ និង​មន្ត្រី​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​សារ​ប្រាប់​ទៅ​ម្ចាស់ឆ្នោត​ថា សន្លឹកឆ្នោត​របស់​អ្នកឯង​វា​គ្មាន​ន័យ​អ្វី​ទេ គឺ​ស្មើនឹង​ថា​លោក ហ៊ុន សែន គប់​ចោល​សន្លឹកឆ្នោត​របស់​ព​ល​រដ្ឋ​ដែល​បោះ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ចោល​ចូលទៅក្នុង​បង្គន់​។ ដូច្នេះ​លទ្ធផល​មិន​ខុសគ្នា​ពី​រដ្ឋប្រហារ​ក្ដៅ​ដែល​គាត់​បានធ្វើ​កាលពី​ឆ្នាំ​១៩៩៧​នោះទេ​»​។

លោក ប្រេដ អាដាម បាន​វាយតម្លៃ​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ថា «​នៅពេល​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ប្រគល់​អាសនៈ​សភា​និង​ឃុំ​-​សង្កាត់​ទៅ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ដទៃទៀត​គឺ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នឹង​ក្លាយជា​ការបោះឆ្នោត​មិន​ស្របច្បាប់ និង​គ្មាន​ន័យ​ហើយ​សហគមន៍​អន្តរជាតិ​នឹងមិន​ទទួលស្គាល់ថា ជាការ​បោះឆ្នោត​ត្រឹមត្រូវ​នោះទេ​។ បញ្ហា​នេះ​នឹង​នាំ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​និង​ផលវិបាក​ផ្សេងៗ​ទៀត​ដល់​កម្ពុជា ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដល់​មន្ត្រី​យោធា និង​មន្ត្រីនគរបាល​ទាំងឡាយណា​ដែល​សុខចិត្ត​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​គាំទ្រ​លោក ហ៊ុន សែន​។ នៅពេលនោះ​ខ្ញុំ​បារម្ភ​ថា​ប្រទេស​កម្ពុជា​នឹង​ដើរ​ថយក្រោយ​ដូច​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅពេលដែល​ប្រទេស​កម្ពុជា​ត្រូវបាន​ដាក់​នៅឯ​កោ​ពី​ពិភពលោក​»៕

4afced1a9e600d8af97ae48e2cec5ef7

21363072_360058744415092_292908313_n
300516na15