មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​លើកឡើងថា លោក ហ៊ុន សែន កំពុង​បំផ្លាញ​អ្វីៗ​គ្រប់បែបយ៉ាង​ដែល​មានចែង​នៅក្នុង​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​

កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ ដែលជា​ខួប​គម្រប់​២៦​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ មាន​អង្គការ​អន្តរជាតិ​ចំនួន​៥៥ បានរួម​គ្នា​ស្នើ​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កោះប្រជុំ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ នៅក្នុង​លិខិត​ចំហ​របស់​អង្គការ​អន្តរជាតិ​ចំនួន​៥៥ ចុះ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ បាន​ទទូច​ឲ្យ​សហប្រធាន​និង​ប្រទេស​ហត្ថលេខី​ទាំងអស់​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បំពេញ​កាតព្វកិច្ច​ដ៏​សមស្រប​មួយ​របស់ខ្លួន គឺ​កោះប្រជុំ​ប្រទេស​ហត្ថលេខី​ទាំងអស់​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​រំលោភសិទ្ធិ​មនុស្ស រំលោភ​នីតិរដ្ឋ​និង​រំលោភ​ប្រជាធិបតេយ្យ​យ៉ាងធ្ងន់ធ្ងរ​និង​យ៉ាងគំហុក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។

តាមរយៈ​ខ្លឹមសារ​នៃ​លិខិត​ចំហ​របស់​អង្គការ​អន្តរជាតិ​ទាំង​៥៥ គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ចាត់វិធានការ​រួមគ្នា​ធ្វើយ៉ាងណា​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ពិចារណា​ឡើងវិញ​នូវ​ចំណាត់ការ​មកលើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ផ្ទុយទៅនឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ក្នុងចំណោម​អង្គការ​អន្តរជាតិ​ទាំង​៥៥​ស្ថាប័ន​នោះ គឺ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch) បាន​អំពាវនាវ​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​នៅ​ស្ងៀម ព្រោះ​អង្គការសហប្រជាជាតិ​បាន​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​លើកឡើងថា ការ​នៅ​ស្ងៀម​មិន​ចាត់ការ​ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​រឹតតែ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បានដៃ​កាន់តែខ្លាំង​ឡើងៗ​។

លោក ភី​ល រ៉ូបឺត​សុន (Phil Robertson) នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​លើកឡើងថា «​លោក ហ៊ុន សែន កំពុង​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង​ដែលមាន​ចែង​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស ការបំផ្លាញ​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការបំបាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ឯករាជ្យ និង​ការគំរាមកំហែង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ជាដើម​»​។ ហេតុនេះហើយ​ទើប​អង្គការ​អន្តរជាតិ​ចំនួន​៥៥​ស្ថាប័ន​បានរួម​គ្នា​ស្នើ​ឲ្យ​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កោះប្រជុំ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​៕

Paris-Peace-Accords 22752820_1749241912038050_347468414_n6d63f4ed8b3832198179e2732c002ddb