ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គួរ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​

កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ ដែលជា​ខួប​គម្រប់​២៦​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង បាន​សរសេរ​លិខិត​មួយច្បាប់​ស្នើសុំ​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាពិសេស​ប្រទេស​ជា​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​នេះ ឲ្យ​កោះប្រជុំ​ជាបន្ទាន់​ដើម្បី​ជួយ​ស្រោចស្រង់​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​ឡើងវិញ​។ នៅក្នុង​លិខិត​នោះ​លោក កឹម សុខា បាន​លើកឡើងថា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​កម្ពុជា​នៅពេលនេះ​គឺ​មិនមែន​ត្រឹមតែ​ចេញ​សេចក្ដីថ្លែងការណ៍​ទេ ប៉ុន្តែ​សុំ​ឲ្យ​មាន​វិធានការ​ជាក់ស្ដែង​មកលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន​។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ប្រសិនបើ​មិន​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ទេ ប្រទេស​កម្ពុជា​នឹង​វិល​ថយក្រោយ​ដែល​នាំ​ឲ្យ​បាត់បង់​ផលប្រយោជន៍ យឺតយ៉ាវ​ក្នុងការ​អភិវឌ្ឍ ដែល​កម្ពុជា​បាត់បង់​ពេលវេលា​ជាង​២០​ឆ្នាំ​នៃ​សង្គ្រាម​មុន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ជាងនេះទៅទៀត​លោក កឹម សុខា បាន​លើកឡើងថា «​ពេលនេះ​ប្រទេស​កម្ពុជា​បាន​ដើរ​ផ្លូវ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ធ្វើ​ឲ្យ​មានការ​ថ្កោលទោស​ពី​មតិ​ជាតិ​និង​អន្តរជាតិ​»​។ លោក កឹម សុខា ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ការពារ​សន្ធិសញ្ញា​នេះ និង​ស្នើ​ទៅ​អ្នកនយោបាយ​ឲ្យ​បញ្ឈប់​នូវ​ការ​លាប​ពណ៌​គ្នា​ដើម្បី​បំបាត់​សំឡេង​ជំទាស់​ឈប់​បំបាក់​ខ្មែរ និង​សុំ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​។​

ទាក់ទង​បញ្ហា​ខាងលើ​នេះដែរ​ក្រុមអ្នកច្បាប់​ពី​អង្គការក្រៅរដ្ឋាភិបាល និង​អ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​លើកឡើងថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រំលោភ​សន្ធិសញ្ញា​ក្រុងប៉ារីស​យ៉ាង​ពេញបន្ទុក​។ ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ក៏បាន​រិះគន់​ខ្លាំងៗ​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​ទាក់ទង​ទៅនឹង​ការរំលោភបំពាន​ទៅលើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ហើយ​បាន​ជំរុញ​ឲ្យ​សហប្រធាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស កោះប្រជុំ​បណ្ដា​ប្រទេស​ហត្ថលេខី​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ ដោយហេតុថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការជួយ​ឲ្យ​កម្ពុ​ជាមាន​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស ការពារ​បូរណភាព​ទឹកដី​កម្ពុជា និង​ភាពសុខសាន្ត​សម្រាប់​ពលរដ្ឋ​កម្ពុជា​៕

E21B3958-BBDC-42F5-92EB-E28521CBE02E_w1023_r1_s image