បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​បន្ត​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​

ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​បច្ចុប្បន្ន​ប​ទ​ល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​សង្គម​ផងដែរ ជាពិសេស​គឺ​បំផ្លាញ​ធនធានមនុស្ស​ក្នុងប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​។ ជា​ការពិត​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​កន្លងមក​ទទួលបាន​លទ្ធផល​យ៉ាង​ធំធេង​ព្រោះ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​រាប់ពាន់​ករណី​និង​ឃាត់ខ្លួន​ជនសង្ស័យ​រាប់ម៉ឺន​នាក់​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្ដែង​រហូតមកដល់​ពេលនេះ​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ហាក់ដូចជា​មិនទាន់មាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ ព្រោះ​ក្នុង​មួយថ្ងៃៗ​សមត្ថកិច្ច​នៅក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត​នានា​នៅតែ​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បានជា​ច្រើន​ករណី​ហើយ​ថ្ងៃ​ខ្លះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​រាប់សិប​នាក់​។

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពីបទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នោះ​គឺ​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​នានា​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​មិនចេះ​អស់ហើយ​យុវវ័យ​ជាច្រើន​កំពុង​រងគ្រោះ​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​។ ការដែល​យុវវ័យ​រងគ្រោះ​ដោយសារ​គ្រឿងញៀន​កាន់តែ​ច្រើនឡើងៗ​មានន័យថា​គ្រឿងញៀន​កំពុង​បំផ្លាញ​ធនធានមនុស្ស​ក្នុងសង្គម​កម្ពុជា​កាន់តែ​សាហាវ​។ នៅក្នុង​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ភាគច្រើន​នៃ​អ្នកទោស​គឺ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដែល​បញ្ហា​នេះ​បង្ហាញថា​គ្រឿងញៀន​កំពុង​បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​នៅក្នុង​សង្គម​កម្ពុជា​។ អំពើ​ឃាតកម្ម​កូន​កាប់សម្លាប់​ឪពុកម្ដាយ បងប្អូន​កាប់សម្លាប់​គ្នា មិត្តភក្ដិ​កាប់​ស្លាប់​គ្នា​គួរ​ឲ្យ​ភ័យខ្លាច​គឺ​កើតចេញពី​គ្រឿងញៀន​ដែល​ធ្វើ​ឲ្យ​សិ​ល​ធម៌​រស់នៅ​ក្នុងសង្គម​កម្ពុជា​ធ្លាក់ស​ចុះ​កាន់តែ​ទាប ហើយ​បទល្មើស​កើតឡើង​កាន់តែច្រើន​។

​មួយរយៈ​កន្លងទៅនេះ​ពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ភូមិ​មួយចំនួន​ក្នុង​ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​ពួកគាត់​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​យកចិត្តទុកដាក់​បង្ក្រាប​ឡើយ​។ ប្រភព​បាន​ឲ្យ​ទៀតថា​យុវវ័យ​មួយចំនួន​ក្នុង​ឃុំ​របស់​ពួកគាត់​កំពុង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​រាលដាល ហើយ​អំពើចោរកម្ម​កំពុង​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​។ ចំណែក​ពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ករណី​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ពួកគាត់​រាលដាល​កាន់តែខ្លាំង​នៅក្នុង​ឆ្នាំ​២០១៧​នេះ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​វែកមុខ​មេខ្លោង​គ្រឿងញៀន​ធំៗ​យកទៅ​ដាក់ទោស​តាមច្បាប់​ទើប​អាច​កាត់បន្ថយ​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​។

ដោយឡែក​នៅក្នុង​រាជធានី​ភ្នំពេញ​បទល្មើស​គ្រឿងញៀន​នៅតែ​រាលដាល​យ៉ាង​ពេញបន្ទុក​ជាពិសេស​នៅក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ជ្រោយចង្វា​ជាដើម ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​នោះទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​ព្រោះ​បទល្មើស​ផ្សេងៗ​ដូចជា​អំពើចោរកម្ម​លួច​ឆក់​ប្លន់ អំពើ​ឃាតកម្ម​និង​បទឧក្រិដ្ឋ​ច្រើន​រូបភាព​កើតចេញពី​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​។ នៅក្នុង​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តក្រចេះ​និង​ខេត្តស្ទឹងត្រែង ក៏មាន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​ដែរ​។ ដូច្នេះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅ​ទូទាំងប្រទេស​ត្រូវយក​ចិត្ត​ទុកដាក់​បន្ថែមទៀត​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​សុខសាន្ត​៕

image2-60-768x432 image1-62-768x432 T-10-23-17-kk-full