អំពើ​ឃាតកម្ម គ្រឿងញៀន និង​ល្បែងស៊ីសង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​

ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​កំពុងមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក៏ដូចជា​បាត់បង់​ភាពកក់ក្ដៅ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ហើយ​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ការលុបបំបាត់​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ការលុបបំបាត់​ល្បែងស៊ីសង​និង​ការបង្ក្រាប​បទល្មើស​ផ្សេងៗ​គឺជា​សេចក្ដីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​នានា​។​ដោយហេតុថា​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​ជាពិសេស​អំពើចោរកម្ម​លួច​ឆក់​ប្លន់ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ន​។

​បច្ចុប្បន្ននេះ​បទល្មើស​ជួញដូរ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ប៉​ណ្ណោះ​ទេ​គឺ​កំពុង​បំផ្លាញ​សង្គម​កម្ពុជា​យ៉ាង​ពេញទំហឹង​។ ជាក់ស្ដែង​កុមារ​អាយុ​១១-១២​ឬ​១៣​ឆ្នាំ​កំពុង​រងគ្រោះ​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន ហើយ​បណ្ដាញ​ព័ត៌មាន​នានា​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួចមកហើយ​។ បទល្មើស​ផ្សេងៗ​ជាពិសេស​អំពើ​ឃាតកម្ម អំពើចោរកម្ម និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម ភាគច្រើន​កើតចេញពី​គ្រឿងញៀន ហើយ​សូម្បីតែ​ធនធានមនុស្ស​ក៏​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដែរ​។ ដូច្នេះ​យុទ្ធនាការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​គឺជា​កត្តា​សំខាន់បំផុត​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​ឡើងវិញ​។

​ការដែល​អំពើចោរកម្ម​លួច​ឆក់​ប្លន់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​បណ្ដា​ខេត្ត​នានា​ក៏​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​និង​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែរ​។ នៅក្នុង​រាជធានី​ភ្នំពេញ​អំពើចោរកម្ម​លួច​ឆក់​ប្លន់ កើតឡើង​ស្ទើរ​គ្មាន​លស់​ថ្ងៃ ជាពិសេស​ករណី​ចោរឆក់​តាម​ដងផ្លូវ និង​ចោរប្លន់​ប្រដាប់អាវុធ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​អសន្តិសុខ​សង្គម​។ ជាការ​ពិត​សមត្ថកិច្ច​បង្ក្រាប​ក្រុមចោរឆក់ ចោរប្លន់​ជា​បន្តបន្ទាប់​ប៉ុន្តែ​នៅតែមាន​ក្រុមចោរ​បន្តធ្វើ​សកម្មភាព​យ៉ាង​រាលដាល​ដដែល​។ ហេតុនេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​លើ​សមត្ថកិច្ច​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​នាពេល​បច្ចុប្បន្ន ហើយ​ជំរុញ​ឲ្យ​សមត្ថកិច្ច​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ជាប្រចាំ​។

​មួយរយៈ​ពេល​ចុង​ក្រោយនេះ​អំពើ​ឃាតកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​បានកើត​ឡើងជា​បន្តបន្ទាប់​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​។ ករណី​រំលោភ​សម្លាប់​នារី​ដែលមាន​វ័យក្មេងៗ​បន្ត​កើតឡើង​គួរ​ព្រួយបារម្ភ​ហើយក៏​មាន​ករណី​សម្លាប់​មនុស្ស​ទាំង​គ្រួសារ​ទៀតផង ហើយ​គ្រប់​រូបភាព​នៃ​អំពើ​ឃាតកម្ម​មាន​លក្ខណៈ​សាហាវយង់ឃ្នង​។ ករណី​បាញ់សម្លាប់​មនុស្ស​ឆៅៗ​នៅតាម​ទីសាធារណៈ​ក៏ដូចជា​អំពើហិង្សា​ក្នុង​គ្រួសារ​ក៏​កំពុង​រាលដាល​កាន់តែខ្លាំង​ជាង​មុន​ដែរ​។ បញ្ហា​ទាំងនេះ​ភាគច្រើន​កើតចេញពី​គ្រឿងញៀន​និង​រឿង​គំនុំ ក្នុងខណៈដែល​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា​សីលធម៌​រស់នៅ​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន​មានការ​ធា្ល​ក់​ចុះ​យ៉ាងគំហុក​ហើយ​ពិបាក​ក្នុងការ​ស្ដារឡើងវិញ​។

មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា​ការធ្លាក់ចុះ​នៃ​សីលធម៌​រស់នៅ​ក្នុងសង្គម​កម្ពុជា មួយផ្នែកធំ​កើតចេញពី​គ្រឿងញៀន គ្រឿង​ស្រវឹង ល្បែងស៊ីសង បន​បារ​ពាលា​អាវាសែ ដែល​កំពុង​រីក​រាលដាល​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។ ជាការ​ពិត​សមត្ថកិច្ច​នគរបាល​ទូទាំងប្រទេស​បាន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​ផ្សេងៗ​នៅតែ​បន្ត​កើតមាន​គួរ​ឲ្យ​ភ័យខ្លាច​ជាពិសេស​អំពើចោរកម្ម បទល្មើស​គ្រឿងញៀន អំពើ​ឃាតកម្ម​និង​ល្បែងស៊ីសង ហាក់ដូចជា​ពុំមាន​ការថយចុះ​ឡើយ​។ នៅក្នុង​រាជធានី​ភ្នំពេញ តាម​បណ្ដា​ខណ្ឌ​មួយចំនួន​ដូចជា​ខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាដើម​នៅតែមាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន អំពើចោរកម្ម​និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​នៅតែ​កើតឡើង​ច្រើនជាង​មុន​ទៅទៀត​៕

IMG_0977