ឈ្មួញ​ឈ្មោះ ដុស បន្ត​ជួញដូរ​ឈើ​គ្រញូង​យ៉ាង​គឃ្លើន​នៅ​ខេត្តឧត្ដរមានជ័យ

​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ត្រូវ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​នេះ​រិះគន់ថា គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទឧក្រិដ្ឋ​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ជាក់ស្ដែង​មន្ត្រី​យោធា​ម្នាក់​ដែល​បម្រើការ​នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៤២​ឈ្មោះ ដុស នៅតែ​ធ្វើ​សកម្មភាព​ជួញដូរ​ឈើ​គ្រញូង​យ៉ាង​គឃ្លើន​ដដែល​ដោយ​គ្មាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ លោក អ៊ឹម សា​វរិ​ទ្ធ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ត្រូវ​មជ្ឈដ្ឋាន​នានា​សង្ស័យថា​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​បន្ត​កើតមាន​យ៉ាង​រាលដាល​ក្នុង​ទឹកដី​ខេត្តឧត្ដរមានជ័យ​។

ប្រភពពី​មន្ត្រី​យោធា​ក្នុង​កងពលតូច​លេខ​៤២​បាន​ឲ្យ​ដឹងថា ឈ្មោះ ដុស គឺជា​ឈ្មួញ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ខ្លួន​នៅតាម​ព្រំដែន ហើយ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ត្រូវ​សមត្ថកិច្ច​សៀម​ចាប់ខ្លួន​ជា​បន្តបន្ទាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ដុស ឈរជើង​ចាំ​ទិញ​ឈើ​គ្រញូង​នៅ​ចំណុច​បង្គោល​សីមា​លេខ​១៣​ទិស​ទី​៣ ក្នុងភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​។ មន្ត្រី​យោធា​ក្នុង​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​ជា​មន្ត្រី​យោធា​ឈ្មោះ ដុស ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពលតូច​លេខ​៤២​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ប៉ែន វ៉ូ​យ នៅ​ពី​ក្រោយខ្នង​ឈ្មួញ​ឈ្មោះ ដុស ជាច្រើន​ឆ្នាំ​មកហើយ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។

មន្ត្រី​យោធា​ក្នុង​កងពលតូច​លេខ​៤២​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ក្នុង​ខេត្តឧត្ដរមានជ័យ ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ឈ្មោះ ដុស ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ប្រមូល​ទិញ​ឈើ​គ្រញូង​និង​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី​ខេត្តឧត្ដរមានជ័យ យ៉ាង​ពេញបន្ទុក​។ ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ដុស បាន​ឲ្យ​ដឹងថា​ឈ្មួញ​រូបនេះ​មិន​ត្រឹមតែ​ជួញដូរ​ឈើ​គ្រញូង​ក្នុង​ខេត្តឧត្ដរមានជ័យ​ប៉ុណ្ណោះ​ទេ គឺអាច​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញទៅ​ស្រុក​យួន​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង ទៀតផង​ដោយមាន​ការជួយ​សម្រប​សម្រួល​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​។ ប្រការនេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ក្លាយទៅជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ​ជា​មន្ត្រី​យោធា​ឈ្មោះ ដុស អាច​ប្រមូល​ទិញ​ឈើ​គ្រញូង​នៅ​ខេត្តឧត្ដរមានជ័យ ហើយ​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​៕

23634955_385220641898902_1394164572_n 23634578_385220665232233_927204811_n 23635529_385220725232227_1433442823_n