សមត្ថកិច្ច​ក្នុង​ខេត្តពោធិ៍សាត់ បង្ក្រាប​តែ​ពលរដ្ឋ​ដឹកឈើ​តាម​ម៉ូតូ ឯ​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​ធំៗ​ធ្វើជា​មើលមិនឃើញ​

​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមត្ថកិច្ច​អាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ការដឹកជញ្ជូន​អនុផល​ព្រៃឈើ​ដោយ​ឃាត់​ម៉ូតូ​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​១៣​គ្រឿង​។ ប្រតិបត្តិការ​នោះ​ធ្វើឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ត្រង់ចំណុច​វាល​និ​ន្ទ្រា ក្នុងភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ សមត្ថកិច្ច​បាន​រឹបអូស​យក​ឈើ ហើយ​អប់រំ​ដល់​ពលរដ្ឋ​ទាំងនោះ​រួច​ប្រគល់​ម៉ូតូ​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​រៀងៗ​ខ្លួន​។ ឈើ​ប្រណីត​ដែល​រឹបអូស​បាន​១០៣០​គីឡូក្រាម​ស្មើនឹង​០,៧៩២​ម៉ែត្រគូប​ត្រូវប្រគល់​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាម​នីតិវិធី​។

ទាក់ទង​បញ្ហា​ខាងលើនេះ​សកម្មជន​ព្រៃឈើ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​លើកឡើងថា​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​ទៅលើ​ពលរដ្ឋ​ដឹកឈើ​តាម​ម៉ូតូ​១៣​គ្រឿង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ គឺជា​រឿង​ឥតន័យ​។ ដោយហេតុថា​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​ធំៗ​ចំណុះ​រាប់​តោន​មិនឃើញ​កម្លាំង​អាវុធហត្ថ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ មិនតែប៉ុណ្ណោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​ជា​អ្នក​នៅ​ពីក្រោយ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​ទៅវិញ​។

ថ្មីៗ​នេះ​មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល​នោះឡើយ​។ ប្រភពពី​មន្ត្រីរាជការ​ក្នុង​សាលាខេត្ត​ពោធិ៍សាត់​ខ្លះ បាន​បង្ហើប​ឲ្យ​ដឹងថា​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​ឈ្មោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​មន្ត្រីជាន់ខ្ពស់​ក្នុង​សាលាខេត្ត ដើម្បី​កាង​មុខរបរ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ពួកគេ​ទៀតផង​។ ជាងនេះទៅទៀត​មេបញ្ជាការរង​អាវុធហត្ថ​ខេត្តពោធិ៍សាត់ ម្នាក់​គឺជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ច្រើន​ឆ្នាំ​មកហើយ​មិនទាន់​ឃើញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​តាមច្បាប់​ឡើយ​។ ប្រការ​នេះហើយ​ដែល​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ព្រោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​តែ​ពលរដ្ឋ​ដឹកឈើ​តាម​ម៉ូតូ​តិចតួច ឯ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​រាប់​តោន​មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់ការ​តាមច្បាប់​ឡើយ​៕

23635596_385220808565552_1310953768_n 23634550_385220888565544_1656427081_n 23666399_385220871898879_1348971023_n 23635450_385220845232215_678171546_n