ផ្លាស់ប្ដូរ​តំណែង​អធិការនគរបាល​ខណ្ឌ​សែន​សុខ ធ្វើ​ឲ្យ​ពលរដ្ឋ​រំពឹងថា​បទល្មើស​ផ្សេងៗ​នឹងមាន​ការថយចុះ​

ការផ្លាស់ប្ដូរ​តំណែង​អធិការនគរបាល​ខណ្ឌ​សែន​សុខ ដោយ​លោក ម៉ក់ ហុង ត្រូវបាន​ដកចេញ​ហើយ​លោក ហួរ ម៉េង​វ៉ាង ចូល​ជំនួស​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ខណ្ឌ​សែន​សុខ រំពឹងថា​បទល្មើស​ផ្សេងៗ​នឹងមាន​ការថយចុះ​។ ដោយហេតុថា​ពេលដែល​លោក ម៉ក់ ហុង នៅ​កាន់តំណែង​ជា​អធិការនគរបាល​ខណ្ឌ​សែន​សុខ គឺ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន និង​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​ក្នុង​តំណែង​ជា​អធិការនគរបាល​ខណ្ឌ​សែន​សុខ គឺ​លោក ម៉ក់ ហុង ល្បីល្បាញ​ខាង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​គាបសង្កត់​ទៅលើ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ស្រេច​តែ​អំពើ​ចិត្ត​។

តាមរយៈ​លិខិត​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានប្រកាស​ស្ដីពី​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​ដំឡើង​ឋានន្តរស័ក្ដិ​ជូន​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ នៅក្នុង​សេចក្ដីប្រកាស​បាន​ឲ្យ​ដឹងថា​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ផ្ទេរ​ភារកិច្ច​ទៅជា​នាយការិយាល័យ​នគរបាល​ទេសចរណ៍​។ លោក​វរសេនីយ៍ត្រី ហួរ ម៉េង​វ៉ាង អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ តែងតាំង​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ព្រមទាំង​ដំឡើង​ឋានន្តរស័ក្ដិ​ថ្នាក់​វរសេនីយ៍ទោ​ផងដែរ​។

ការផ្លាស់ប្ដូរ​តំណែង​អធិការនគរបាល​ខណ្ឌ​សែន​សុខ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​សង្កាត់​ក្នុង​ខណ្ឌ​សែន​សុខ រំពឹងថា​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ ល្បែងស៊ីសង និង​បទល្មើស​គ្រឿងញៀន​មានការ​ថយចុះ​ជាមិនខាន​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់​លោក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ថ្មី​នៃ​ខណ្ឌ​សែន​សុខ យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​រំពឹងថា​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​តំបន់​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវបាន​បង្ក្រាប​មិនកើត​មាន​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ​។ ទន្ទឹមនឹងនេះ​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ក៏​សង្ឃឹម​ដែរ​ថា​លោក ហួរ ម៉េង​វ៉ាង មិន​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​ដូចជា​លោក ម៉ក់ ហុង អតីត​អធិការនគរបាល​ខណ្ឌ​សែន​សុខ​នោះទេ​៕

23718152_385220968565536_295382371_nលោក ហួរ ម៉េងវ៉ាង
23634669_385221225232177_790846062_n 23619009_385221245232175_555473339_n23666368_385221135232186_811033581_nលោក ម៉ក់ ហុង ​