បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​ពួកគាត់​បាន​ប្រទះឃើញ​សា​ឡង់​អូស​ឈើមូល​បណ្ដែត​ទឹក​តាម​ទន្លេស្រែពក ចូល​រោងចក្រ​អារច្រៀក​ឈើ​ក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គស​នី​សេ​សាន​ក្រោម​២​ជា​បន្តបន្ទាប់​។ ប្រជា​សហគមន៍​បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ព្រោះ​ឈ្មួញ​អាច​បំពាន​កាប់​ឈើ​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​យ៉ាង​គឃ្លើន​។ ការដែល​ឈ្មួញ​ប្រើ​យីហោ​ក្រុមហ៊ុន​សំអាត​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ដើម្បី​កាប់​ឈើ​ពី​ខាងក្រៅ គឺមាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ផងដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​ថ្ងៃទី​០២ ខែវិច្ឆិកា រហូតមក​ឈើមូល​រាប់រយ​រាប់ពាន់​ម៉ែត្រគូប​ត្រូវ​ឈ្មួញ​ប្រើ​សា​ឡង់​អូស​បណ្ដែត​ទឹក​តាម​ទន្លេ​ស្រែគរ ដោយ​ក្នុង​១​សា​ឡង់​មាន​កម្មករ​៥​ទៅ​១០​នាក់​នៅលើ​នោះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនោះ​ត្រូវគេ​យកទៅ​អារច្រៀក​ក្នុង​រោងចក្រ​នៃ​ក្រុមហ៊ុន​សំអាត​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ហើយ​ដឹកជញ្ជូន​ចេញ​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ សកម្មជន​ព្រៃឈើ​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា ឈើមូល​ដែល​គេ​អូស​តាម​សា​ឡង់​នោះ​មាន​ទំហំ​មុខកាត់​ចាប់ពី​០,៤០​ម៉ែត្រ​ឡើងទៅ និង​មាន​បណ្ដោយ​ពី​៦​ដល់​១៥​ម៉ែត្រ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​ខាងក្រៅ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ប្រឈម​នឹង​សេចក្ដី​វិនាស​នាពេល​ឆាប់ៗ​ខាងមុខ​ចៀស​មិន​ផុត​ឡើយ​។

តាម​ការអះអាង​របស់​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ឈើ​ដែល​គេ​ដឹក​ចូលក្នុង​រោងចក្រ​នៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គឺជា​ឈើ​ដែល​កាប់​ចេញពី​តំបន់ភ្នំ​ក្រឡា​ពស់ និង​តំបន់​ព្រៃ​មួយចំនួន​ជាប់​ព្រំប្រទល់​ជាមួយ​ខេត្តមណ្ឌលគិរី​។ ប្រភពពី​កម្មករ​ដែល​នៅលើ​សា​ឡង់​ដឹកជញ្ជូន​ឈើ​បាន​ឲ្យ​ដឹងថា ក្នុង​សា​ឡង់​១​គ្រឿង​អាច​ផ្ទុក​ឈើមូល​រាប់រយ​ម៉ែត្រគូប ហើយ​ក្នុង​មួយថ្ងៃៗ​សា​ឡង់​១​គ្រឿងៗ​ត្រូវ​ដឹកជញ្ជូន​ជាច្រើន​គ្រឿង​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​បទល្មើស​ព្រៃឈើ​ខាងលើនេះ​ផង ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ឈើ​អារច្រៀក​រួច​នៅក្នុង​រោងចក្រ​នៃ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ចេញទៅ​ស្រុក​យួន​និង​ចេញ​ទៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ទេ​៕

23618845_385222021898764_1492542778_n 23634695_385222061898760_636454871_n 23635608_385222085232091_849139875_n