មានការ​អំពាវនាវ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ទប់ស្កាត់​អំពើពុករលួយ​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន ខ្លះ​ផង​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក មួយចំនួន​បាន​អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ជាបន្ទាន់​។ ដោយហេតុថា​បច្ចុប្បន្ននេះ​លោក ជុំ ប៊ុណ្ណា​រ័ត្ន កំពុង​ល្បីល្បាញ​ខាង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​នេះ ហើយ​សូម្បីតែ​ទំនិញ​នាំចូល​ស្របច្បាប់​មាន​ឯកសារ​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​លោក ជុំ ប៊ុណ្ណា​រ័ត្ន តាម​ការកំណត់​ដែរ​។ បញ្ហា​នេះ​ជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ មន្ត្រី​តូចតាច​នៅ​ច្រក​ព្រែក​ចាក​បាន​បញ្ជាក់ថា​លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រែក​ចាក កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល ហើយ​ផលប្រយោជន៍​បាន​ទៅ​មន្ត្រី​ពុករលួយ​ដែល​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

តាម​ការអះអាង​របស់​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​ឲ្យ​ដឹងថា នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​នេះ​ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក ជុំ ប៊ុណ្ណា​រ័ត្ន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ឡើយ​។ ក្រុម​អ្នក​រត់ការ​ឯកសារ​បាន​ឲ្យ​ដឹងថា ទោះបី​ក្រុមហ៊ុន​ពួកគេ​នាំចូល​ទំនិញ​ស្របច្បាប់​មាន​ឯកសារ​បង់​ពន្ធគយ​ជូន​រដ្ឋ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ក្នុង​១​រថយន្ត​តូច​ឬ​រថយន្ត​ធំ ឬ​១​កុងតឺន័រ​ត្រូវ​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក ជុំ ប៊ុណ្ណា​រ័ត្ន យ៉ាងច្រើន​បន្ថែមទៀត​ទើប​អាច​ដឹកជញ្ជូន​ទំនិញ​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ការរំខាន​។ អំពើពុករលួយ​របស់​លោក ជុំ ប៊ុណ្ណា​រ័ត្ន និង​បក្ខពួក​កំពុង​ធ្វើ​ឲ្យ​ឈ្មួញ​និង​អាជីវករ​ឬ​ក្រុមហ៊ុន​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន រិះគន់​កាន់តែខ្លាំង​ឡើងៗ​ព្រោះ​ត្រូវ​បង់លុយ​ក្រៅផ្លូវការ​ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​កាន់តែ​ច្រើនឡើងៗ​។​

​ថ្មីៗ​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា​ការដែល​លោក ជុំ ប៊ុណ្ណា​រ័ត្ន ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​។ សូម្បីតែ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ចូលទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​ស្រុក​យួន​ក៏ត្រូវ​ក្រុម​មន្ត្រីនគរបាល​អន្តោប្រវេសន៍​បក្ខពួក​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន ប្រើ​វិធី​គាប​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។ ជាងនេះទៅទៀត​លោក ជុំ ប៊ុណ្ណា​រ័ត្ន និង​បក្ខពួក​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​គ្រាន់តែ​ក្នុង​មួយរយៈ​ពេល​ខ្លី​សោះ​លោក ជុំ ប៊ុណ្ណា​រ័ត្ន ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ល្បីឈ្មោះ​យ៉ាងខ្លាំង​។ ទន្ទឹមនឹងនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រែក​ចាក ជាបន្ទាន់​ផងដែរ​ព្រោះ​មន្ត្រីនគរបាល​រូបនេះ កំពុង​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​៕

6c7ba3270ca34da0ef1c9924142ddae0លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ
23318589_381631218924511_1349336488_n11លោក ជុំ ប៊ុណ្ណារ័ត្ន