ប្រជាពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្តកំពង់ធំ រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​នេសាទ​រាលដាល​យ៉ាង​ពេញបន្ទុក​

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​រិះគន់​ជា​បន្តបន្ទាប់​ទៅលើ​មន្ត្រី​អាជ្ញាធរ​ខេត្តកំពង់ធំ ដែល​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប្រក​ដោយ​ប្រសិទ្ធភាព​។ ជាក់ស្ដែង​តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧ រហូតមកដល់​ពេលនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​មិនឃើញ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​មន្ត្រីក្រោមឱវាទ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​មាន​បទល្មើស​កើតឡើង​កាន់តែខ្លាំង​ជាង​មុន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ពលរដ្ឋ​នៅ​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា កន្លងទៅនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​ជា​អ្នក​បណ្ដោយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ សូម្បីតែ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ធំ រាលដាល​កាន់តែខ្លាំង​ឡើងៗ​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​អន្តរាយ​។​

​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​ពួកគាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ច្រើន​ប្រភេទ​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​រិះគន់ថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​ខ្លះ​បាន​រាយការណ៍​ថា​ក្នុងរ​បាំងសាច់​អួន​ក្រឡា​ញឹក ឬ​របាំង​ស្បៃ​មុង​១​កន្លែង​ត្រូវ​បង់​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល ២០០​ដុល្លារ​ឬ​៨០​ម៉ឺន​រៀល​ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប ហើយ​លោក យ៉ាន់ វិសាក់ និង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​។​

​តាម​ការអះអាង​ពី​ប្រជា​នេសាទ​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​នៅក្នុង​មូលដ្ឋាន​ពួកគាត់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា ឆ្នុក​ភ្លើងពណ៌ របាំង​ណរ​រ៉ា​យ​ក្រឡា​ញឹក​រាប់រយ​ខ្សែ​ដែលមាន​ប្រវែង​បណ្ដោយ​ពី​៣០០​ម៉ែត្រ​ទៅជា​ង​១០០០​ម៉ែត្រ ត្រូវ​ក្រុម​ជនល្មើស​ប្រើប្រាស់​សម្រាប់​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​តំបន់​ពាម​បាង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ ហើយ​លោក ហួន ផល មេ​រដ្ឋបាល​ជលផល​ពាម​បាង កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​ជា​រឿង​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ ជាពិសេស​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ធំ ប្រកបដោយ​ប្រសិទ្ធភាព​៕

23634629_385240688563564_498232786_nលោក សុខ លូ អភិបាលខេត្តកំពង់ធំ
23434733_786514918222388_3848132926898204796_n 23473142_786514164889130_7156123330737667770_n 23456653_786514141555799_2686553444740850442_o
23519364_786514964889050_4472999632560438137_n