លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ រង​ការរិះគន់​ករណី​ទំនិញ​ខូចគុណភាព​និង​គេចពន្ធ​លក់ដូរ​ពេញទី​ផ្សារ​

​ប្រជាពលរដ្ឋ​នៅ​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​រាយការណ៍​ថា​ទំនិញ​ខូចគុណភាព​និង​ទំនិញគេចពន្ធ​កំពុង​ត្រូវគេ​ដាក់លក់​ក្នុង​ទីផ្សារ​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ពួកគាត់​ជា​ប្រជាពលរដ្ឋ​សង្ឃឹមលើ​មន្ត្រី​ជំនាញ​ដែលមាន​តួនាទី​បម្រើ​និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ តែបើ​មន្ត្រី​ជំនាញ​ទាំងនោះ​គ្មាន​សមត្ថភាព​បម្រើ​ប្រជាពលរដ្ឋ​និង​មួយចំនួន​ទៅ​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​នោះ​អ្នករងគ្រោះ​គឺ​ប្រជាពលរដ្ឋ ហើយ​ប្រទេស​កម្ពុជា​ក៏​មិនអាច​អភិវឌ្ឍន៍​លើផ្លូវ​ត្រឹមត្រូវ​បានឡើយ​។​

​ការរិះគន់​របស់​ប្រជាពលរដ្ឋ​បានកើត​ឡើង​ក្រោយពី​ទំនិញ​ខូចគុណភាព​និង​ទំនិញ​ហាមឃាត់​ជិត​៦​តោន ដែល​មន្ត្រី​កាំកុងត្រូល​ត្រួតពិនិត្យ​និង​ដកហូត​បាន​ពី​អាជីវករ​គ្រប់​ទីកន្លែង​កន្លងមកនេះ បានធ្វើ​ពិធី​ដុត​កម្ទេចចោល​នា​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុកីឡាដ្ឋាន​ខេត្ត ក្រោម​វត្តមាន​លោក សាយ សុជាតិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក តូច ចៅ​កុយ ដែលជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់​។​

​ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​ខេត្តពោធិ៍សាត់ បាន​បញ្ជាក់ថា​ទំនិញ​ទាំងនោះ​ភាគច្រើន​ត្រូវ​ឈ្មួញ​នាំចូល​ពី​ប្រទេស​សៀម​តាម​ច្រកព្រំដែន​ខេត្តបាត់ដំបង យកមក​លក់​នៅ​ខេត្តពោធិ៍សាត់ តែ​មន្ត្រី​ជំនាញ ពិសេស​មន្ត្រី​កាំកុងត្រូល មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់ និង​មន្ត្រី​គយ​ជាដើម​មិន​បង្ក្រាប​នៅពេល​ឈ្មួញ​នាំចូល​ទេ គឺ​ចាំ​បង្ក្រាប​ពី​ប្រជាពលរដ្ឋ​និង​អាជីវករ​ផ្ទាល់​តែម្តង​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​អាជីវករ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មាន​ទំនិញ​មួយចំនួន​ជិត​ដល់​ថ្ងៃ​ខូចគុណភាព​ទៅហើយ​តែម​ន្ត្រី​ជំនាញ​អនុញ្ញាត​ឲ្យ​នាំចូល ហើយ​ចាំ​មក​ចាប់ពី​តាម​ទីផ្សារ​យកទៅ​កម្ទេចចោល​ដើម្បី​បង្ហាញ​ពី​ប្រសិទ្ធភាព​ការងារ​និង​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​របស់ខ្លួន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​និង​អាជីវករ​ខេត្តពោធិ៍សាត់ បានស្នើ​ដល់​អាជ្ញាធរខេត្ត​ពោធិ៍សាត់ ពិសេស​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ គប្បី​សហការ​ជាមួយ​ក្រសួង​ជំនាញ​ដោះស្រាយ​ដោយ​យុត្តិធម៌​និង​មាន​ប្រសិទ្ធភាព​ផង ព្រោះ​ខេត្តពោធិ៍សាត់​សព្វថ្ងៃនេះ​នៅតែមាន​ឈ្មួញ​ខិលខូច​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​គ្មាន​គុណភាព​យកមក​ដាក់លក់​នៅលើ​ទីផ្សារ​ដដែល​។ មានការ​រិះគន់ថា បើ​មន្ត្រី​ជំនាញ​មាន​ឆន្ទៈ​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​និង​មាន​ភាព​ស្អាតស្អំ​មែន​គឺ​ត្រូវ​បោសសំអាត​តាំងពី​មាត់​ច្រកទ្វារព្រំដែន គឺ​មិនមែន​មក​គាបសង្កត់​ធ្វើបាប​អាជីវករ​តាម​ទីផ្សារ​នោះទេ​៕​

23634264_1362925803853710_515756629_o