មាន​ករណី​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​អាង​កំពីងពួយ ស្រុក​បាណន់ ខេត្តបាត់ដំបង​

នៅ​អាង​កំពីងពួយ ក្នុងស្រុក​បាណន់ ខេត្តបាត់ដំបង កំពុងមាន​ករណី​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដែល​ប្រជាពលរដ្ឋ​មូលដ្ឋាន​បញ្ជាក់ថា សមត្ថកិច្ច​បង្ក្រាប​គ្មាន​ប្រសិទ្ធភាព​នោះទេ គឺ​នៅពេលដែល​សមត្ថកិច្ច​ដ​ក​ថយ​ក្រុម​ជនល្មើស​នៅតែ​បន្តធ្វើ​សកម្មភាព​ដដែល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជនល្មើស​ហាក់ដូចជា​ដឹង​មុន​នៅពេលដែល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​គឺ​ក្រុម​ជនល្មើស​បាន​ដកថយ​គេចខ្លួន​បាត់អស់​។​

​ក្រុម​ជនល្មើស​ភាគច្រើន​ធ្វើ​សកម្មភាព​នៅពេល​យប់ ហើយ​សមត្ថកិច្ច​បង្ក្រាប​បានតែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ហើយ​នៅពេលដែល​សមត្ថកិច្ច​ឆ្មក់​ចុះបង្ក្រាប​នៅពេល​យប់​ម្តងៗ​ក្រុម​ជនល្មើស​បានដឹងខ្លួន​ជានមុន​ដកថយ​អស់​។ ប្រជាពលរដ្ឋ​ស្រុក​បាណន់ បាន​បញ្ជាក់ថា​ចំពោះ​ការនេសាទ​វា​មិន​ខុសឆ្គង​ទេ តែ​បញ្ហា​នៅត្រង់ថា​ក្រុម​ជនល្មើស​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​បង្ក​ផលប៉ះពាល់​ច្រើន​ដល់​វិស័យ​ជលផល ហើយ​បទល្មើស​ខាងលើ​ទំនង​មាន​មន្ត្រី​ខិលខូច​ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស​ទៀតផង​។​

ជាក់ស្តែង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​រិះគន់ថា សមត្ថកិច្ច​ដូចជា​មន្ត្រីរដ្ឋបាល​ជល​ផល និង​មន្ត្រី​មកពី​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង តែងតែ​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា​បាន​យកលុយ​ពី​ក្រុម​ជនល្មើស​។ ទន្ទឹមនឹងនេះ​ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​ជាច្រើន​ករណី​កន្លងមក ពួកគេ​តែងតែ​ព្រលយ​ពាក្យសំដី​ថាបើ​មន្ត្រី​ជំនាញ​មិន​យកលុយ​ពី​ពួកគេ គឺ​ពួកគេ​ក៏​មិនអាច​ប្រព្រឹត្ត​បទល្មើស​នេសាទ​បានឡើយ ហើយ​កន្លងមក​ក្រុម​ជនល្មើស​ទាំងនោះ​ថែមទាំង​ត្អូញត្អែរថា មន្ត្រី​ខិលខូច​មួយចំនួន​គាប​យកលុយ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាណន់ បានស្នើ​ដល់​អាជ្ញាធរខេត្ត​បាត់ដំបង និង​មន្ទីរជំនាញ​ជុំវិញ​ខេត្ត គប្បី​សហការគ្នា​ទប់ស្កាត់​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ​បន្តទៀត​បទល្មើស​នេសាទ​នឹង​រាលដាល​កាន់តែខ្លាំង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អាជ្ញាធរខេត្ត​បាត់ដំបង​ត្រូវ​ហ៊ាន​បោសសំអាត​មន្ត្រី​ពុករលួយ​ដែល​ឃុបឃិត​ជាមួយ​ជនល្មើស​ដើម្បី​ធានាថា បទល្មើស​នេសាទ​និង​បទល្មើស​ផ្សេងៗ​ត្រូវ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​៕​

23667185_1362925947187029_553513311_n